លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវវសេនីយ៍ត្រី ចាន់ ដារ៉ា និងលោកអនុសេនីយ៍ឯក ជា សុភា ជាយុទ្ធជនពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីក្នុងសមរភូមិភ្នំទ្រព្យ ស្ថិតនៅក្នុងវត្តស្វាយលើ ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅជាកិច្ចតបស្នង និងគោរពនូវវីរភាពដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីឱ្យខានតែបាន។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីផងដែរ។
ជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់ក្រុមគ្រួសារយុទ្ធពលីទាំងពីររូប លោកជំទាវបណ្ឌិត បានសម្រេចផ្តល់ជូនដូចជា៖
១. ក្រុមគ្រួសារ លោកវវសេនីយ៍ត្រី ចាន់ ដារ៉ា ៖ ផ្តល់ជូននូវផ្ទះថ្មីមួយខ្នង និងផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជូនដល់កូនស្រី ក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ។
២. ក្រុមគ្រួសារ លោកអនុសេនីយ៍ឯក ជា សុភា ៖ ចាត់តាំងក្រុមការងារពិនិត្យមើលស្ថានភាពផ្ទះជាក់ស្តែង ដោយត្រូវជួសជុល ឬសាងសង់ថ្មីជូន ហើយសម្រេចផ្តល់ជូនក្របខណ្ឌកងយោធពលខេមរភូមិន្ទដល់កូនប្រសាប្រុស។






