បទវិភាគ ៖ ចិនបន្តអនុវត្តគោលនយោបាយអនុគ្រោះស្តីពីការលើកលែងទិដ្ឋាការ ដែលបង្ហាញពីការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ថែមមួយកម្រិតទៀត

ប៉ុន្មានថ្ងៃកន្លងទៅនេះ កំពង់ផែដែលអាចចតនាវាទេសចរណ៍ Shekou នៃក្រុងShenzhenដែលជាតំបន់ផ្ទេរអ្នកដំណើរអន្តរជាតិនៅច្រកកំពង់ផែសមុទ្រលើកដំបូងរបស់ចិន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ពាណិជ្ជករដែលមកពីប្រទេសអាហ្សង់ទីន ឈីលីនិងប្រេស៊ីលលើកទីមួយបានចូលដែនចិនដោយអនុលោមតាមគោលនយោបាយថ្មីបំផុតស្តីពីការលើកលែងទិដ្ឋាការ ដែលបានកាត់បន្ថយពេលវេលាឆ្លងកាត់ពី២ម៉ោងកន្លះកាលពីមុនមកនៅត្រឹមមិនដល់៣០នាទី ។ នេះជាសញ្ញាកត់សម្គាល់ថា គោលនយោបាយលើកលែងទិដ្ឋាការរបស់ចិនត្រូវអនុវត្តពីព្រលានយន្តហោះទៅដល់កំពង់ផែសមុទ្រ ដែលបានពន្លឿនការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអន្តរជាតិ ។

នេះជាការឆ្លុះបញ្ចាំងមួយនៃការដែលប្រទេសចិនអនុវត្តគោលនយោបាយអនុគ្រោះស្តីពីការលើកលែងទិដ្ឋាការជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺក្នុងអំឡុងពេល“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”របស់ចិន រដ្ឋាភិបាលចិនបានបន្តធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយលើកលែងទិដ្ឋាការគ្រប់ប្រភេទ ដើម្បីជំរុញទំការផ្លាស់ប្តូរនិងការប្រាស្រ័យទាក់ទងអន្តរជាតិ ។ បច្ចុប្បន្ននេះ ចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគីឬលើកលែងទិដ្ឋាការទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសចំនួន៧៥រួចហើយ ហើយប្រទេសដែលលើកលែងទិដ្ឋាការខណៈពេលឆ្លងកាត់ដែនបានពង្រីកដល់៥៥ប្រទេស ច្រកចូលដែនបានបន្ថែមដល់៦០កន្លែង ពេលវេលាឆ្លងកាត់ដែនបានពង្រីកដល់២៤០ម៉ោង ។ ក្រៅពីនេះ ក៏បានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការប្រកបដោយលក្ខណៈតំបន់ដូចជាការលើកលែងទិដ្ឋាការសម្រាប់ការចូលដែននៅខេត្តHainan ការលើកលែងទិដ្ឋាការសម្រាប់ការចូលដែននៃក្រុមទេសចរណ៍របស់ប្រទេសអាស៊ាននិងការលើកលែងទិដ្ឋាការសម្រាប់ការចូលដែននៃនាវាទេសចរណ៍ជាដើម ដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើទេសចរណ៍ ធ្វើពាណិជ្ជកម្មនិងបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់ជនជាតិបរទេស ។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជាពិសេសគឺចាប់ពីចុងឆ្នាំ២០២៣មក គោលនយោបាយលើកលែងទិដ្ឋាការរបស់ចិនបន្តធ្វើបច្ចុប្បន្នភាព ដែលគ្របដណ្តប់តម្រូវការក្នុងវិស័យជាច្រើនដូចជាទេសចរណ៍ ពាណិជ្ជកម្មនិងការឆ្លងដែនជាដើម ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបន្តពង្រីកការបើកទូលាយចំពោះអន្តរជាតិ ។ ការបង្ហាញផ្ទាល់បំផុតគឺ បានជំរុញភាពពេញនិយមនៃ“China Travel”នៅទូទាំងពិភពលោក ។ នៅឆ្នាំ២០២៤ ចិនបានទទួលអ្នកទេសចរបរទេសចំនួន២៦លាន៩សែន៤ម៉ឺននាក់ ដែលកើនឡើង៩៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការធ្វើទេសចរណ៍នៅប្រទេសចិន ទិញទំនិញនៅប្រទេសចិននិងញ៉ាំម្ហូបអាហារនៅប្រទេសចិនបានក្លាយជាភាពទាន់សម័យអន្តរជាតិថ្មី ។

គោលនយោបាយលើកលែងទិដ្ឋាការមិនត្រឹមតែបាននាំមកនូវភាគលាភខាងទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងក៏ជាឧបករណ៍ពន្លឿនសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ ។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ឆ្លងតាមរយៈការរៀបចំពិព័រណ៍ទ្រង់ទ្រាយធំដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិនិងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ បូករួមទាំងវិធានការផ្តល់ភាពងាយស្រួលដូចជា ការលើកលែងទិដ្ឋាការជាដើម ធ្វើឱ្យពាណិជ្ជករជាច្រើនមកចូលរួមពិព័រណ៍ដោយយកផលិតផលថ្មី ដែលជំរុញការនាំចូលទំនិញប្រើប្រាស់សរុបឡើងដល់៧,៤ទ្រីលានយាន់ប្រាក់ចិនពីឆ្នាំ២០២១ដល់ឆ្នាំ២០២៤ក៏ដូចជាធ្វើឱ្យទំនិញប្រកបដោយគុណភាពល្អលើទូទាំងពិភពលោកពន្លឿនការចូលក្នុងប្រទេសចិន ។

គោលនយោបាយលើកលែងទិដ្ឋាការបានបង្ហាញពីប្រពៃណីទទួលភ្ញៀវយ៉ាងរាក់ទាក់របស់ជនជាតិចិនតាំងពីបុរាណកាលមក ហើយក៏ជាសក្សីនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនស្តីពីការពង្រីកការបើកទូលាយចំពោះអន្តរជាតិជាបន្តបន្ទាប់ដែរ ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ស្វាគមន៍ឥស្សរជនបរទេសកាន់តែច្រើនមកកាន់ប្រទេសចិន ទស្សនាប្រទេសចិននិងឈ្វេងយល់ពីប្រទេសចិន ។ ពេលវេលានឹងបន្តបញ្ជាក់ថា ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតឆ្ងាយពីពិភពលោក ហើយភាពរុងរឿងរបស់ពិភពលោកក៏ត្រូវការប្រទេសចិនដែរ៕

Written by 

Related posts

Leave a Comment