ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក គ្រោងនឹងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី បើទោះបីជាវាមើលទៅមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ និងអាចកែប្រែស្ថានភាពនៅអ៊ុយក្រែន ក៏ដោយ ។

លោក ត្រាំ បានលើកឡើងថា យើងនឹងដាក់ទណ្ឌកម្ម។ ខ្ញុំមិនដឹងថាទណ្ឌកម្មធ្វើអ្វី លោក ពូទីន បានឬអត់ទេ។ យើងនឹងដាក់ទណ្ឌកម្ម និងពន្ធគយ រួមទាំងអ្វីៗផ្សេងទៀត។ ខ្ញុំមិនដឹងថាវាមានផលប៉ះពាល់អ្វីទេ ប៉ុន្តែយើងនឹងធ្វើវា។
លោក បានបន្ថែមថា សង្រ្គាមមិនគួរកើតឡើងទេ ហើយនេះគឺជាសង្រ្គាមរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ។
គួរបញ្ជាក់ថា កន្លងមក មេដឹកនាំអាមេរិករូបនេះ បានកំណត់ពេល ៥០ ថ្ងៃ សម្រាប់រុស្ស៊ី ឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បើមិនសម្រេចនោះទេនឹងត្រូវទទួលរងទណ្ឌកម្មពន្ធ ១០០ ភាគរយ។ ដោយឡែក កាលពីដើមសប្ដាហ៍នេះ ដោយមានការខកចិត្តចំពោះប្រទេសរុស្ស៊ី និងវឌ្ឍនភាពនៃដំណោះស្រាយ លោក បានកាត់បន្ថយថ្ងៃមកត្រឹម ១០ ឬ ១២ ថ្ងៃ វិញ។ ទោះជាយ៉ាងណា លោក ត្រាំ ក៏នៅតែសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន អាចឈានដល់កិច្ចព្រមព្រៀងដំណោះស្រាយដោយសន្តិវិធីត្រឹមថ្ងៃទី ៨ ខែសីហា នេះ៕

ដោយ៖ ពេជ្រ