រលកយក្សស៊ូណាមិ ដែលបង្កឡើងដោយការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតជាប្រវត្តិសាស្ត្រនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសរុស្ស៊ី បានវាយប្រហារលើឆ្នេរសមុទ្រក្នុងរដ្ឋហាវ៉ៃ បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

លោក Josh Green អភិបាលរដ្ឋហាវ៉ៃ បានបញ្ជាក់ថា រដ្ឋនេះ មិនទាន់ត្រូវបានរលកយក្សស៊ូណាមិ បំផ្លាញក្នុងរូបភាពធ្ងន់ធ្ងរនៅឡើយទេ។
រលកយក្សស៊ូណាមិ បានវាយប្រហារប្រហែល ៦ ម៉ោង ក្រោយរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ នៅ Kamchatka របស់ប្រទេសរុស្ស៊ី។
ទោះជាយ៉ាងណា ឥទ្ធិពលនៃរលកយក្សស៊ូណាមិ មិនបានវាយប្រហារទ្រង់ទ្រាយធំហួសពីកោះហាវ៉ៃនោះទេ។

អាជ្ញាធរ ក៏ព្រមានអំពីរលកយក្សស៊ូណាមិ នៅផ្នែកខ្លះនៃរដ្ឋកាលីហ្វ័រញ៉ាខាងជើង អាឡាស្កា និងឆ្នេរខាងលិចសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រនេះ ជាកម្លាំងរញ្ជួយដ៏ខ្លាំងបំផុតមិនធ្លាប់មាននៃឧបទ្វីប Kamchatka របស់រុស្ស៊ី ខណៈរបាយការណ៍ពីអ្នកស្លាប់ ឬរបួស មិនទាន់មាននោះទេ៕

ដោយ៖ ពេជ្រ