ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៦៣នាក់ស្លាប់ និងរបួស ២៩០នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង កាលពីព្រឹកថ្ងៃពុធ។

យោងតាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ជនរងគ្រោះភាគច្រើនស្លាប់ ដោយសារលង់ទឹក និងត្រូវចរន្តអគ្គិសនីឆក់ អំឡុងទឹកជំនន់វាយប្រហារនេះ។
អាជ្ញាធរនៅក្នុងទីក្រុង Rawalpindi ជាប់នឹងរដ្ឋធានី Islamabad បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ឲ្យអ្នកដែលរស់នៅក្បែរទន្លេងាយរងគ្រោះដែលហូរកាត់ទីក្រុង ប្រញាប់ជម្លៀសចេញ។

តួលេខចុងក្រោយនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ជិត ១៨០ នាក់ ចាប់តាំងពីភ្លៀងមូសុង បានចាប់ផ្តើមគ្របដណ្ដប់ កាលពីចុងខែមិថុនាមក។
ទឹកជំនន់ នាំឲ្យបិទផ្លូវជាច្រើននៅទូទាំងរដ្ឋ Punjab ខណជើងហោះហើរមួយចំនួនត្រូវលុបចោល និងពន្យារពេល។
កាលពីថ្ងៃព្រហស្បតិ៍ អភិបាលរដ្ឋ លោកស្រី Maryam Nawaz បាននិយាយថា មានការប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួន និងជំរុញឱ្យអ្នកស្រុកគោរពតាមគោលការណ៍ណែនាំសុវត្ថិភាព ហើយស្ថាប័នរដ្ឋាភិបាល ក៏កំពុងធ្វើការដោយការខិតខំប្រឹងប្រែងបំផុត៕


ដោយ៖ ពេជ្រ