ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាវិជ្ជាជីវៈទេសចរណ៍ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា រួមជាមួយលោក Subas Subedi ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានអញ្ជើញជាធិបតី និងដឹកនាំកិច្ចប្រជុំស្តីពី “ការអភិវឌ្ឍឯកសារបណ្ដុះបណ្ដាលគុណវុឌ្ឍិជាតិកម្ពុជា វិញ្ញាបនបត្រ១ វិញ្ញា បនបត្រ២ និងវិញ្ញាបនបត្រ៣” ដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា សមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងអ្នកជំនាញការសរុបចំនួន ៦០រូប។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាពិសេសលើគុណវុឌ្ឍិសម្រាប់បណ្តុះបណ្តាល ដោយកន្លងមកមានសាលាវិជ្ជាជីវៈទេសចរណ៍មួយចំនួនបានធ្វើការបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិអាស៊ាន ហើយមានវិទ្យាស្ថាន និងសាលាជាច្រើនទៀត កំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប៉ុន្តែមិនមានកម្រិតគុណវុឌ្ឍិច្បាស់សាល់។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមការកសាងគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ ឱ្យស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលនឹងជំរុញការបណ្តុះបណ្តាលប្រកបដោយសង្គតិភាពថ្នាក់ជាតិ ទាំងកម្មវិធីបណ្តុះបណ្តាល ឯកសារបណ្តុះបណ្តាល និងគុណភាពគ្រូបណ្តុះបណ្តាលផងដែរ។

ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែគាំទ្របច្ចេកទេស និងផ្តល់ជាអនុសាសន៍ល្អៗដល់ក្រុមការងារ ក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍កន្លងមក និងគម្រោងរៀបចំគុណវិឌ្ឍិវិជ្ជាជីវៈទេសចរណ៍ចំនួន ១០គុណវុឌ្ឍិបន្ថែមទៀតលើជំនាញការិយាល័យជួរមុខ គេហកិច្ច ចុងភៅ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
លោក Subas Subedi ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានលើកឡើងពីការគាំទ្ររបស់អង្គការ SwissContact ដល់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនក្រីក្រ ងាយរងគ្រោះ អ្នកជំនាញកម្រិតទាប អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ នៅតាមខេត្តគោលដៅគម្រោងចំនួន ១២ខេត្ត ទូទាំងប្រទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយក្នុងនោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបណ្តុះបណ្តាលយុវជនសរុបចំនួន ៨ ៤៦១នាក់ ទូទាំងប្រទេស លើជំនាញអាទិភាពសំខាន់ៗស្របតាមត្រូវការបណ្តុះបណ្តាល និងទីផ្សារការងារ ចាប់ពីឆ្នាំ២០១៧ ដល់២០២៥។





