នាយក នាយករង លោកគ្រូ អ្នកគ្រូ វិទ្យាល័យជាស៊ីមតាកែវ បដិសេធចំពោះចំណាត់ការរបស់មន្ទីរអប់រំខេត្ត

តាកែវ ៖ នាយក នាយករងនិងលោកគ្រូអ្នកគ្រូក្នុងវិទ្យាល័យជាស៊ីមតាកែវប្រមាណជា ១១៧ នាក់បាននាំគ្នាតវ៉ាដោយប្រកាសបដិសេធចំពោះចំណាត់ការរបស់មន្ទីអប់រំខេត្តដែលបានលើកហេតុផលដើម្បីកាត់ដីរបស់សាលាចំនួនពាក់កណ្ដាលទៅឲ្យមន្ទីរអប់រំយុវជននិងកីឡាខេត្តដើម្បីកសាងអាគាររដ្ឋបាលនិងសាលប្រជុំរបស់មន្ទីរ។ ការលើកឡើងនូវការបដិសេធនេះ ធ្វើទ្បើងក្នុងពិធីជួបប្រជុំដោះស្រាយវិវាទរវាងមន្ទីរអប់រំខេត្ត និងវិទ្យាល័យជា ស៊ីម តាកែវ នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៥នេះនៅសាលប្រជុំរបស់វិទ្យាល័យ។

ពិធីនោះមានការចូលរួមពីលោកទា ប៊ុនឡេង តំណាងក្រសួងអប់រំយុវជននិងកីឡានិងលោកស្រី សារី ផល្លី តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកទ្រី ឆាយ នាយកវិទ្យាល័យជា ស៊ីមតាកែវ និងតំណាងសុរិយោដីខេត្តក្រុង រួមទាំងលោកចៅសង្កាត់រកាក្នុង បារាយណ៍។

លោកទ្រី ឆាយ បានអោយដឹងថា ក្នុងប្លង់វិទ្យាល័យជាស៊ីមតាកែវមានដីទំហំ ៨ ហិតា ខាងត្បូងជាប់ផ្លូវជាតិលេខ ២ ខាងជើងទល់នឹងផ្លូវខេត្តលេខ ៣ ខាងលិចទល់នឹងផ្លូវខេត្តលេខ ១៧ ខាងកើតជាប់និងហាក់ស៊ុនលី(មជ្ឈមណ្ឌលគោរពកុសលភូមិភាគតាកែវ) ហើយអ្នកដែលកាន់កាប់ប្លង់របស់វិទ្យាល័យជាស៊ីមតាកែវនេះគឺ លោកភឿក ជ្រុន ដែលលោកជានាយកសាលា។

លោកនាយកវិទ្យាល័យ ជា ស៊ីម តាកែវបានបន្តទៀតថា មកដល់ឆ្នាំ២០១៧ ខាងសាលានិងសហគមន៍បានប្រគល់ដីប៉ែកខាងជើងចំនួនមួយហិចតាតាមការស្នើសុំរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តដោយរក្សាទុកតារាងបាល់បោះនិងរោងជាងសម្រាប់សាលាប្រើប្រាស់។ តែនៅពេលបានដីហើយចាក់ដីពេញរួចមកខាងមន្ទីរ បានចាក់សោរមិនអោយកូនសិស្សលេងបាល់បោះ និងចូលធ្វើអ្វីក្នុងរោងជាងឡើយ។ លោកក៏បានបញ្ជាក់បន្ថែមថា នៅពេលនេះខាងមន្ទីរបានស្នើសុំយកដីសាលាឲ្យគ្រប់ ៣ ហិចតាដើម្បីសាងសង់សាលប្រជុំនិងអាគាររដ្ឋបាលធ្វើការដោយបានវាយអគារចំនួន ៣ ខ្នងដែលជាអំណោយរបស់សម្ដេចជា ស៊ីមផ្តល់អោយសាលាចោល។ ប៉ុន្តែពួកយើងដែលជានាយក នាយករងនិងលោកគ្រូអ្នកគ្រូទាំងអស់គឺមិនបានឯកភាពឡើយគឺត្រូវរក្សាទុកនៅសភាពដើមដដែលព្រោះវាជាកេរ្តិ៍ដំណែល។

ចំណែក លោក ទា ប៊ុនឡេង អ្នកកាន់ទ្រព្យសម្បត្តិជាតំណាងក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា យើងជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីសម្របសម្រួលរកដំណោះស្រាយឈានទៅរកការឯកភាពគ្នាព្រោះវិទ្យាល័យជា ស៊ីម តាកែវគឺស្ថិតក្នុងការគ្រប់គ្រងរបស់មន្ទីរអប់រំនិងយុវជនកីឡាការខេត្ត ដូច្នេះហើយរាល់ការធ្វើអ្វីមួយគឺត្រូវស្នើសុំដល់ប្រធានមន្ទីរក្នុងការឯកភាព តែបើខាងសាលាយល់ព្រមប្រគល់ដីចំនួនពាក់កណ្ដាលមកឲ្យខាងមន្ទីរនោះគឺខាងមន្ទីរនិងឯកភាពធ្វើប្លង់រឹងមាំមកឲ្យសាលាគ្រប់គ្រងដោយខ្លួនឯងវិញម្តង ។ ប៉ុន្តែបើលោកនាយកលោកគ្រូអ្នកគ្រូមិនឯកភាពគឺរក្សាភាពដើមដដែលសាលាគឺក្រោមការគ្រប់គ្រងរបស់មន្ទីរ។

លោកតំណាងក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាចំពោះអគាររបស់សម្ដេចជាស៊ីមដែលមានការទទួលហើយយើងចង់ធ្វើអ្វីមួយគឺយើងត្រូវមានការស្នើសុំទាំងពីរថ្នាក់ខេត្តក្រសួងរហូតដល់ប្រមុខរដ្ឋាភិបាលទើបយើងហ៊ានវ៉ៃកំទេចអគារចាស់នេះចោលបាន៕តាកែវ

Written by 

Related posts

Leave a Comment