អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានទទួលសិទ្ធិជ្រកកោននៅក្នុងប្រទេសរុស្ស៊ី ហើយបានមកដល់ទីក្រុងមូស្គូជាមួយក្រុមគ្រួសាររបស់គាត់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti និង TASS បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពពីវិមានក្រឹមឡាំង។
ការរត់ភៀសខ្លួនរបស់លោក អាសាធបានកើតឡើងនៅពេលដែលពួកសកម្មប្រយុទ្ធស៊ីរីដណ្តើមកាន់កាប់ក្រុងដាម៉ាស ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ២៤ ឆ្នាំរបស់លោកអាសាដប្រកបដោយប្រសិទ្ធភាព។
ការដណ្តើមបានរដ្ឋធានីស៊ីរីយ៉ាងឆាប់រហ័ស គឺជាចំណុចបញ្ចប់នៃការវាយលុកទ្រង់ទ្រាយធំដែលបានចាប់ផ្តើមដោយ Hayat Tahrir al-Sham (HTS) ដឹកនាំដោយអតីតមេបញ្ជាការអាល់កៃដា និងពីមុនត្រូវបានគេស្គាល់ថាជា Jabhat al-Nusra ខណដែល ក្រុមនេះបានចាប់ផ្តើមការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីខេត្ត Idlib ដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៅភាគខាងជើងប្រទេសស៊ីរីកាលពីសប្តាហ៍មុន។ ក្រុមជីហាតធ្លាប់បានបណ្តេញកងទ័ពស៊ីរីចេញពីទីក្រុងអាឡិបប៉ូ ហាម៉ា ហូម និងអាល់ ឃ្យូសាយ៉រ នៅព្រំដែនលីបង់ មុននឹងឈានទៅដល់ក្រុងដាម៉ាស។
សារព័ត៌មាន TASS បានរាយការណ៍ថា ទីក្រុងម៉ូស្គូបានអំពាវនាវឱ្យមានការបន្តការចរចាដែលដឹកនាំដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិស៊ីរី។ មេដឹកនាំនៃក្រុមប្រឆាំងប្រដាប់អាវុធស៊ីរីបានធានាសុវត្ថិភាពនៃមូលដ្ឋានយោធារុស្ស៊ី និងបេសកកម្មការទូតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី នេះបើយោងតាមមន្ត្រីវិមានក្រឹមឡាំងដែលត្រូវបានដកស្រង់ដោយ RIA ៕