រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៦ខែធ្នូឆ្នាំ២០២៤ នៅរោងភាពយន្ត Major Cineplex by Smart Aeon mall ភ្នំពេញ (Aeon 1) បានបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឯក ប៊ុនថា អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) លោក អ៊ី សុង៉ាយ៉ា ហ៊ីរ៉ុយឹគិ នាយកមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនចូលរួម។
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាគំរបខួបលើកទី ១០ នៃមហោស្រពភាពយន្តជប៉ុន នៅប្រទេសកម្ពុជា។ លោក អ៊ីសុង៉ាយ៉ា ហ៊ីរ៉ុយឹគិ នាយកមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ យើងបានចាក់ បញ្ចាំងប្រមាណ ១៣០ ភាពយន្ត និងបានស្វាគមន៍អ្នកចូលរួមទស្សនាប្រមាណជាង៥០០០០នាក់។”
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងសុន្ទរកថាផ្តោតសំខាន់ទៅលើគោលបំណងនៃមហោស្រពភាពយន្តជប៉ុន ដែលដើរតួនាទីជាស្ពានភា្ជប់វប្បធម៌ រវាង ប្រជាជនកម្ពុជានិងជប៉ុន ដែលនាំអ្នកទស្សនាទាំងអស់ឲ្យយល់ដឹងអំពីបេះដូងរបស់ប្រទេសជប៉ុនតាមរយៈវិស័យភាពយន្តរបស់ខ្លួន។
លើសពីនេះ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចេញមតិទាក់ទងទៅនឹង៖ “មហោស្រពភាពយន្តជប៉ុនកាន់តែមានការទាក់ទាញចំពោះយុវជនកម្ពុជាចំពោះសាច់រឿងភាពយន្តជប៉ុនដែលមានសាច់រឿង បង្កប់នូវសារអប់រំសីលធម៌ការតស៊ូ អត្ថន័យជីវិត។ល។ តាមរយៈសាច់រឿងនៃខ្សែភាពយន្ត យើងសង្ឃឹមថាអាចបង្កើតបាននូវ មនោសញ្ចេតនា ស្រលាញ់រាប់អានជ្រារជ្រៅរវាងប្រជាជននៃប្រទេសយើងទាំងពីរ។”
មហោស្រពភាពយន្តជប៉ុន ២០២៤ជាឪកាសដ៏ពិសេស សម្រាប់អ្នកចូលចិត្តទស្សនាភាពយន្តដើម្បីស្វែងយល់ពីវប្បធម៌ នៃវិស័យភាពយន្តប្រទេសជប៉ុន។ នាល្ងាចនៃកម្មវិធីនេះ ភ្ញៀវកិត្តិយសបានរីករាយទស្សនានឹងការចាក់បញ្ចាំងខ្សែភាពយន្តរឿង Godzilla Minus One ដែលបានឈ្នះពានរង្វាន់ Academy Award for Best Visual Effects។ ខ្សែភាពយន្តនេះ ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីទស្សនិកជន និងវាយតម្លៃខ្ពស់ទៅលើគុណភាព ក៏ដូចជាតម្លៃអប់រំរបស់ សាច់រឿង។ មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០២៤ បានបន្តប្រារព្ធចាប់ពីថ្ងៃទី៦ ដល់ទី៨ និងថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ក្នុងរោងភាពយន្តនៅផ្សារទំនើបអ៊ីអន ភ្នំពេញ និងផ្សារទំនើបអ៊ីអន សែនសុខ៕