ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធុនធំ ជ្រុលចង្កូតបុកគូថរថយន្តដឹកសំរាមពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដែលជិះម៉ូតូនោះ បានបាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខពន្ធនាគារខេត្ដរតនគិរី ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តលោក ម៉ៅ ភារម្យ បានឲ្យដឹងថា រថយន្តដឹកសំរាម១គ្រឿងម៉ាក MITSUBISHI CANTER ពណ៌លឿងទុំ ពាក់ស្លាកលេខ រដ្ឋ 19 3-0042 បើកបរក្នុងទិសដៅពីកើតមកលិច ស្របគ្នាអ្នកបើកបររថយន្តឃើញសភាពការណ៍មិនស្រួលដាក់មេប្រូចបាត់ស្រមោលពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ដនៅកន្លែងកើតហេតុ។
ចំណែកម៉ូតូ១គ្រឿងម៉ាក អ៊ិចសិនធ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KI-6028 អ្នកបើកបរឈ្មោះ ម៉ៅ ចិន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ស្លាប់នៅនិងកន្លែងកើតហេតុ។

នាយរងការិយាល័យចរាចរណ៍បានបញ្ជាក់ទៀតថា មូលហេតុអ្នកបេីកបរម៉ូតូ អត់បានពាក់មួកសុវត្ថិភាព បេីកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជាមុន ទើបបណ្ដាលឲ្យជជ្រុលចង្កូតទៅបុកនិងរថយន្តពីខាងក្រោយ ដោយសារពេលកើតហេតុនោះដែរ ក៏មានធ្លាក់ភ្លៀងរលឹមស្រេចៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃចរាចរណ៍នគរបាលផ្លូវគោក បានចុះមកធ្វើការអន្តរាគមន៍ និងវាស់វែងនៅកន្លែងកើតហេតុ ដើម្បីយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៅស្នងការនគរបាលខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។
ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាននៃសព។
សូមបញ្ជាក់ផងដែរថា ទីតាំងនៅកន្លែងកើតហេតុខាងលើនេះដែរកន្លងមកក៏ធ្លាប់ជួបករណីគ្រោះថ្នាក់ចរាចរណ៍ជារឿយៗប៉ុន្តែមិនដែលឃើញមានអាជ្ញាធរមូលដ្ឋាន និមន្តលោកចុះមកដេញឧបទ្រពចង្រៃ កុំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតមានឡើងជាបន្តបន្ទាប់ទៀត៕

