លោក Conor ប្រាប់ពីមូលហេតុដែលនាំឲ្យក្រុមនារីកម្ពុជា របូតគ្រាប់បាល់ច្រើន​ពេលប៉ះហ្វីលីពីន

ក្រោយចាញ់ក្រុមខ្លាំងហ្វីលីពីន ៦-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 ក្នុងពូល G កាលពីម្សិលមិញ គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជាលោក Conor Nestor បានលើកឡើងថាដោយសារការលេងមិនខ្លាចចាញ់របស់ក្រុម​នារីកម្ពុជា ទើបនាំឲ្យរបូតគ្រាប់បាល់ច្រើន ​ ។ ​

លោក Conor បានចាត់ទុកនេះគឺជាលទ្ធផលដ៏អាក្រក់ ដែលគ្រប់គ្នា ទាំងក្រុមការងារ កីឡាការិនី និងអ្នកគាំទ្រ ពិបាកនឹងទទួលយក ។ តែអ្វីដែលជាភាពវិជ្ជមានសម្រាប់ក្រុម គឺការលេងជាមួយក្រុមកម្រិតខ្ពស់ ដូចជាហ្វីលីពីន ដែលមានកីឡាការិនីមានកាយសម្បទាល្អ និងការរៀបចំបាល់ Set-Pieces ដ៏ល្អរបស់ពួកគេ ហើយបើកម្ពុជាមានការប្រកួតបែបនេះកាន់តែច្រើន គឺកាន់តែល្អ សម្រាប់ការដុសខាតសមត្ថភាពកាន់តែរីកចម្រើន។​ លោកបានសង្កត់ធ្ងន់ថា «ទាក់ទងនឹងការរបូតគ្រាប់បាល់ច្រើន ដោយសារទម្រង់លេងរបស់យើង ដូចពេលយើងលេងវគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ។ បើយើងព្យាយាមលេងខ្លាចចាញ់ច្រើន មានន័យថា យើងអត់អាចលេងលក្ខណៈចង់ឈ្នះទេ ។ អ៊ីចឹងយើងត្រូវហ៊ានលេង មិនមែនលេងទប់ៗ ព្រោះខ្លាចចាញ់នោះទេ»។

គួរដឹងថា ក្រោយរងបរាជ័យលើកដំបូងនេះ ក្រុមជម្រើសជាតិនារីកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានជើងឯកបាល់ទាត់នារីទ្វីបអាស៊ី ប៉ុន្ដែកម្ពុជា នៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមបាតតារាងអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី៥ ខែកក្កដា ហើយលោក Conor Nestor រំពឹងថា ការប្រកួតនេះ កូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ ដើម្បីទទួលបាន ៣ពិន្ទុបន្ថែម និងធានារកបានឲ្យបាន ៤ពិន្ទុក្នុងពូល ក្រោយបញ្ចប់ការប្រកួតផ្លូវការ៕

Written by 

Related posts

Leave a Comment