រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៩៥ លាននាក់ កើនទ្បើង ១១,៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការថ្លែងឲ្យដឹងរបស់ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានថ្លែងបញ្ជាក់នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” គោលការណ៍ណែនាំស្តីពីការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម” ដែលបានរៀបចំធ្វើទ្បើងនាថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥នៅខេត្តបាត់ដំបង។

ឯកឧត្តម សុង តុងហាប់ បានថ្លែងថា សម្រាប់រយៈពេល ៥ ខែដើមឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២,៩៥ លាននាក់ កើនទ្បើង ១១,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកខេត្តបាត់ដំបងវិញ រយៈពេល ៦ ខែដើមឆ្នាំ២០២៥ នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៨ ម៉ឺននាក់កើនទ្បើង ១២,៣៣% និងភ្ញៀវទេសចរជាតិ ៣២,២ ម៉ឺននាក់ កើនទ្បើង ៧,៤៩% ធៀបន័ងរយៈពេលដូចគ្នាឆ្នាំ២០២៤។
យ៉ាងណាក៏ដោយឯកឧត្តមរដ្ឋលេខាធិការបានលើកទ្បើងថា ដោយមើលឃើញពីសភាពការណ៍ប្រែប្រួល មិនទៀងទាត់ក្នុងតំបន់ និងសកលលោក ពិសេសបញ្ហាវិបត្តិសង្រ្គាម វិបត្តិផ្ទៃក្នុងនៃប្រទេសមួយចំនួន បញ្ហាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងបញ្ហាទ្បើងកម្តៅតាមព្រំដែនរវាងកម្ពុជា-ថៃ ក្រសួងទេសចរណ៍នឹងធ្វើការវាយតម្លៃជាថ្មី នូវសភាពការណ៍ទេសចរណ៍ និងដាក់ចេញយុទ្ធសាស្ត្រឲ្យសមស្របដើម្បីរក្សាឲ្យបាននូវនិរន្តរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ប៉ុន្តែលោកជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានៅតែមានភាពធន់ខ្ពស់(Resilient) និងវិបត្តិ ដោយសារតែកម្ពុជាមានសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិចម្រុះ ដែលជាកេរ្ត៍ដំណែលដ៏មហិមា និងជារ៉ែមាសមិនចេះរីងស្ងួតដែលវីរៈបុរសជំនាន់មុនបានបន្សល់ទុក។ បន្ថែមពីលើនេះ កម្ពុជាមានស្នាមញញឹម ប្រកបដោយភាពកក់ក្តៅ រួសរាយ រាក់ទាក់របស់ប្រជាជនកម្ពុជានៃយើងថែមទៀត។
ឯកឧត្តមសុង តុងហាប់ ក៏បានលើកទ្បើងផងដែរថា ក្រសួងទេសចថណ៍បានទទួលស្គាល់ដែរថា បើគិតពីបរិមាណនៃភ្ញៀវទេសចរណ៍អន្តរជាតិដែលកម្ពុជាទទួលបាននៅពេលនេះ ថ្វីត្បិតមានកំណើនគួរឲ្យកត់សម្គាល់ ហើយលើសផែនការ ប៉ុន្តែបើគិតពីគុណភាពទេសចរអន្តរជាតិ យើងមិនទាន់សម្រេចបានដូចមុនផ្ទុះវិបត្តិកូវីត១៩ នៅទ្បើយទេ ពិសេសនៅខេត្តបាត់ដំបង។

សម្រាប់គោលបំណងនៃវគ្គបណ្តុះបណ្តាល លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីបច្ចេកទេសរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងគ្រឹះស្ថានអង្គរក្នុងការរៀបចំយន្តការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្មនិយាយរួម និងនិយាយដោយទ្បែកតម្រង់ទិសថវិកាឲ្យស្របនឹងសូចនាករសមិទ្ធកម្មដែលបានដាក់ចេញ ពោលគឺការតាមដាន និងវាយតម្លៃការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាព។
វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជាបំណិនបច្ចេកទេសបន្ថែម ដើម្បីជាការត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការអនុវត្តថវិកាសមិទ្ធកម្មពេញលេញរបស់ក្រសួងទេសចរណ៍ និងជំរុញការអនុវត្ត ការតាមដាន និងវាយតម្លៃឲ្យកាន់តែប្រសើរសម្រាប់មន្ទីរទេសចរណ៍រាជធានីខេត្ត និងគ្រះស្ថានអង្គរដែលជាអង្គភាពថវិកាអាណាប័កពេញលេញស្រាប់៕




