ខេត្តស្វាយរៀង៖ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រឹកថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ស្ថិតនៅសាលប្រជុំអាគារ ឃ សាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត,លោកនាយករងរដ្ឋបាលសាលាខេត្ត,លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត,លោកអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង,លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ,លោកអភិបាលក្រុងស្រុកទាំង៨ ឬតំណាង,លោកនាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្ត,លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំង៨០សរុបប្រមាណ១៩២នាក់។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការងារផ្តល់សេវាសាធារណៈថ្នាក់ មូលដ្ឋានពិសេសថ្នាក់មណ្ឌលសុខភាព និងការងារការថែទាំសុខភាពបឋម (PHC-BIF) មានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាលបានបញ្ចូលទៅក្នុងផែនការវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ/សង្កាត់ ផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ជាមួយនេះ ការថែទាំសុខភាពបឋម គឺជាអភិក្រមសង្គមទាំងមូលដើម្បីសុខភាព ដែលសំដៅធានាធ្វើឱ្យប្រសើរឡើងនូវ សុខភាព និងសុខុមាលភាព ដោយផ្តោតលើតម្រូវការរបស់ប្រជាជន និងការឆ្លើយតបតាមតម្រូវការទាំងនេះឱ្យ បានទាន់ពេល រួមទាំងការផ្តល់សេវាចាប់ពីការលើកកម្ពស់សុខភាព និងការបង្ការជំងឺរហូតដល់ការព្យាបាល និងការស្តារនីតិសម្បទា ការថែទាំសុខភាពបឋម គឺស្នូលនៃកំណែទម្រង់ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៥មក។

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្ត្រីរាជការល្អ ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌) ៣)ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបឋម និងនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព សេវាបង្ការ និង ការផ្សព្វផ្សាយ ៥)ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ ៦)ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ៧) ការពង្រឹង កិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨)កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែន រដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក ៩)ការអភិវឌ្ឍន៍សុខាភិបាលឌីជីថល។

ឯកឧត្តមក៏បានក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់មួយចំនួនដូចជា៖
- រដ្ឋបាលស្រុក/ក្រុងមានតួនាទីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងទៀត និងកៀរគរធនធាន-ការិយាល័យស្រុកប្រតិបត្តិមានតួនាទីរៀបចំរចនាសម្ព័ន្ធសេវាថែទាំសុខភាពបឋម ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការ គ្រប់គ្រងចាំបាច់ទៅឱ្យមូលដ្ឋានសុខាភិបាលជួរមុខ។
- ថ្នាក់ឃុំ/សង្កាត់- មានមណ្ឌលសុខភាព និងគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព។ ការគាំទ្ររបស់ រដ្ឋបាលឃុំ សង្កាត់គឺមានសារសំខាន់សម្រាប់ភាពជោគជ័យនៃសមាសភាពសហគមន៍។
- ថ្នាក់សហគមន៍ ឬថ្នាក់ភូមិ- ក្រុមភូមិ ដឹកនាំការអនុវត្តសកម្មភាពភូមិមានសុខភាពល្អ នៅកម្រិតមូលដ្ឋាន តាមរយៈយន្តការដែលមានស្រាប់៕គឹមសេង




