រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងកាលពីថ្ងៃចន្ទម្សិលមិញថា ទីក្រុងម៉ូស្គូមានគម្រោងកាត់បន្ថយការចំណាយលើវិស័យការពារជាតិ ប៉ុន្តែលោកគិតថាការសម្រេចចិត្តរបស់សមាជិកណាតូក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេនៅទីបំផុតអាចនាំទៅដល់ការដួលរលំនៃសម្ព័ន្ធមិត្តមួយនេះដោយចៀសមិនរួច។

គួររំលឹកថា មេដឹកនាំអង្គការណាតូកាលពីថ្ងៃពុធសប្តាហ៍មុនបានប្រកាសការគាំទ្រដល់គម្រោងឲ្យបង្កើនយ៉ាងច្រើននូវការចំណាយលើវិស័យការពារជាតិណាតូ ដែលទាមទារដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយបានលើកទ្បើងថា ពួកគេត្រូវតែរួបរួមគ្នាក្នុងការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមកប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកជាការគំរាមកំហែងពីរុស្ស៊ី។
នៅពេលសួរអំពីការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski ដែលត្រូវបានគេរាយការណ៍ថាបាននិយាយថាការប្រណាំងសព្វាវុធរវាងរុស្ស៊ីនិងលោកខាងលិចអាចបង្កឱ្យមានការដួលរលំនៃរបបប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នោះ ប៉ុន្តែលោក Lavrov បានអះអាងថាការតម្លើងថវិការយោធាបែបនោះ ប្រាកដណាស់អង្គការណាតូនឹងដួលរលំ។
លោក Lavrov បានលើកទ្បើងថា ហេតុដែលគាត់ព្យាករណ៍បែបនេះ ដោយសាតែគាត់បានមើលឃើញថា បណ្តាប្រទេសណាតូបាន និងកំពុងកើនឡើងនូវមហន្តរាយនៃថវិកា ហើយបញ្ហានោះវានឹងនាំទៅដល់ការដួលរលំនៃអង្គការនេះផងដែរ។
រុស្ស៊ី ដែលបានបើកសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែននៅឆ្នាំ ២០២២ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលប្រាំបីឆ្នាំនៅភាគខាងកើតអ៊ុយក្រែន បានច្រានចោលការអះអាងរបស់លោកខាងលិចថា ខ្លួននឹងវាយប្រហារសមាជិកណាតូនៅថ្ងៃណាមួយ ដែលជាជំហានទាំងរុស្ស៊ី និងសហរដ្ឋអាមេរិកនិយាយថាអាចបង្កឱ្យមានសង្រ្គាមលោកលើកទីបី។
ប៉ុន្តែ លោក ពូទីន បានថ្លែងបញ្ជាក់កាលពីថ្ងៃសុក្រចុងសប្តាហ៍មុនថា រុស្ស៊ី កំពុងសម្លឹងរកមើលការកាត់បន្ថយការចំណាយផ្នែកយោធារបស់ខ្លួនចាប់ពីឆ្នាំក្រោយ។
ប្រទេសរុស្ស៊ីបានដំឡើងការចំណាយរបស់រដ្ឋលើវិស័យការពារជាតិត្រឹមមួយត្រីមាសក្នុងឆ្នាំ ២០២៥ ដល់ ៦.៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់។ ការចំណាយលើវិស័យការពារជាតិមានចំនួន ៣២% នៃការចំណាយថវិកាសហព័ន្ធសរុបនៅឆ្នាំ ២០២៥៕

ដោយ៖ ពេជ្រ