ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា រកបាន ១ ពិន្ទុ តាមរយៈលទ្ធផលស្មើ ១-១ ជាមួយក្រុមនារីខ្លាំង ចិនហុងកុង សម្រាបា់ការប្រកួតជម្រុះពូល G ពានរង្វាន់នារីអាស៊ី AFC WOMEN’S ASIAN CUP 2026 QUALIFIERS នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។
ការប្រកួតនៅ វគ្គទី១ ក្រុមនារីកម្ពុជា មិនសូវមានឱកាសតំបន់ប្រយុទ្ធតែដោយសារខ្សែការពាររបស់ នារីហុងកុង ពិតជារឹងមាំខ្លាំងមែន។ ក្រុមភ្ញៀវ ហុងកុង រកបានគ្រាប់បាល់នាំមុខ ១-០ នៅទីទី៣១ ដោយកីឡាការិនី Hong Kiu Anke Leong តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារ វិបុល សេរីសេដ្ឋា បានបង្កកំហុស។
ប៉ុន្តែចូលវគ្គទី២ នារីកម្ពុជា ហាក់បីដូចជារៀបចំប្រសើរជាងមុន បានដាក់សម្ពាធហុងកុង កាន់តែខ្លាំងរហូតវាយបកបាន ១គ្រាប់វិញ ដោយការទាត់បញ្ចូលទីរបស់កីឡាការិនីលេខ២៣ វឿន សុថាន បន្ទាប់ពីមិត្តរួមក្រុមលើកបាល់មកតំបន់គ្រោះថ្នាក់របស់ហុងកុង។ ចប់ការប្រកួត កម្ពុជា ស្មើជាមួយហុងកុង លទ្ធផល ១-១។
លទ្ធផលនេះ ធ្វើឲ្យក្រុមនារីកម្ពុជា រកបាន ១ ពិន្ទុដ៏សំខាន់ ពីក្រុមនារីហុងកុង ដែលជាក្រុមខ្លាំងមួយនៅក្នុងពូល។ វាក៏បង្ហាញឲ្យឃើញពីសញ្ជាវិជ្ជមាន របស់ក្រុមបាល់ទាត់នារីកម្ពុជាដែលមានការរីកចម្រើនឆ្ពោះទៅមុខ បើទោះជាទើបត្រូវបានបង្កើតឡើងសម្រាប់ការប្រកួតអន្តរជាតិប៉ុន្មានឆ្នាំ ចុងក្រោយប៉ុណ្ណោះ។
ពិន្ទុពូល G បណ្តោះអាសន្ន
ហ្វីលីពីន មាន ៣ ពិន្ទុ
កម្ពុជា មាន ១ ពិន្ទុ
ហុងកុង មាន ១ ពិន្ទុ
អារ៉ាប៊ីសាអ៊ូឌីត មាន ០ ពិន្ទុ
