នាថ្ងៃទី ២៩ ខែមិថុនា ពិធីដាក់ឱ្យដំណើរការវេទិកា Hi View និងពិធីដាក់បង្ហាញរឿងភាគខ្លី AI ដំបូងរបស់កម្ពុជា ដែលសហរៀបចំដោយក្រុមហ៊ុន Guangxi Yaoxiang Culture Communication ប្រទេសចិន និងក្រុមហ៊ុន BKL Media Production កម្ពុជា ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីជំរុញការអនុវត្តនវានុវត្តន៍នៃបច្ចេកវិទ្យា AIGC ក្នុងឧស្សាហកម្មវប្បធម៌កម្ពុជា ។

តំណាងក្រសួងស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ ក្នុងវិស័យវប្បធម៌ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ផលិតកម្មកងចក្រភាពយន្ត សមាគមយុវជនឌីជីថលកម្ពុជា-ចិន តំណាងសារព័ត៌មានចិននៅកម្ពុជា រួមមាន វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទីភ្នាក់ងារសារព័ត៌មានចិន China News Service សារព័ត៌មានសេដ្ឋកិច្ចចិន សារព័ត៌មានយុវជនចិន រួមជាមួយតំណាងសហគ្រាសកម្ពុជា-ចិន ជិត ៥០ ក្រុមហ៊ុន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានថ្លែងសុន្ទរកថា ដោយមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះបានបង្ហាញយ៉ាងពេញលេញនូវភាពជួយគ្នាទៅវិញទៅមក ដោយក្រុមការងារចិនផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងក្រុមការងារកម្ពុជាផ្តោតលើវប្បធម៌ក្នុងស្រុក ហើយអ្នកបង្កើតមាតិកាគឺផ្តោតលើនវានុវត្តន៍មាតិការបស់ខ្លួន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងគាំទ្រយ៉ាងពេញទំហឹង ដល់ការអភិវឌ្ឍន៍វេទិកា “Hi View” ហើយ ទន្ទឹងរង់ចាំដៃគូសហប្រតិបត្តិការចិនកសាងមូលដ្ឋាន និងឧស្សាហកម្មបណ្តុះបណ្តាលធនធានមនុស្សវប្បធម៌ឌីជីថល AIGC នៅកម្ពុជា ក្នុងគោលដៅចង់បង្ហាញពីភាពច្នៃប្រឌិតរបស់យុវជនកម្ពុជាជំនាន់ថ្មី ដើម្បីធ្វើឱ្យវប្បធម៌ខ្មែរកាន់តែមានភាពរស់រវើក។

លោក សៀ ស៊ាងយ៉ាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Guangxi Radio and Television Information Network Co ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Guangxi Yaoxiang Culture Communication នៃប្រទេសចិន បានថ្លែងសុន្ទរកថាតាមរយៈវីដេអូពីចម្ងាយក្នុងពិធីនេះ ដោយមានប្រសាសន៍ថា ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងវប្បធម៌អាចបំបែកព្រំដែន និងធ្វើឱ្យកិច្ចសន្ទនាអរិយធម៌មានភាពរស់រវើកកាន់តែខ្លាំងក្លា។ ថ្ងៃនេះ វេទិកា “Hi View” បានចាប់ផ្តើមជាផ្លូវការ ដែលមិនត្រឹមតែជាសមិទ្ធផលនៃភាពឈ្លាសវៃក្នុងការច្នៃប្រឌិតរួមគ្នារបស់សហគ្រាស និងក្រុមបច្ចេកទេសនៃប្រទេសទាំងពីរនោះទេ ប៉ុន្តែក៏ជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការរៀនសូត្រវប្បធម៌រវាងគ្នាទៅវិញទៅមក រវាងកម្ពុជា និងចិន ដោយប្រើបច្ចេកវិទ្យាឌីជីថលជាមធ្យោបាយ។ នេះនឹងនាំមកនូវទស្សនវិស័យទ្វេភាគី គឺដើម្បីឱ្យកម្ពុជាបានឃើញរឿងរ៉ាវរបស់ចិន និងដើម្បីឱ្យចិនបានយល់ដឹងពីវប្បធម៌ខ្មែរ ហើយនេះក៏ជាការអនុវត្តនូវទស្សនៈ “បច្ចេកវិទ្យាផ្តល់ថាមពលដល់វប្បធម៌ កិច្ចសហប្រតិបត្តិការបង្កើតផលប្រយោជន៍រួម” របស់យើងផងដែរ។
លោក វ៉ាង ជា នាយកគ្រប់គ្រងក្រុមហ៊ុន Guangxi Yaoxiang Culture Communication បានណែនាំលម្អិតអំពីគំរូនវានុវត្តន៍កិច្ចសហប្រតិបត្តិការនៃវេទិកា Hi View ដោយមានប្រសាសន៍ថា វេទិកា Hi View នឹងសហការយ៉ាងសកម្មជាមួយអ្នកបង្កើតមាតិកា ស្ថាប័នផ្សព្វផ្សាយ ស្ថាប័ន MCN និងប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ដើម្បីសិក្សាអំពីគំរូអាជីវកម្មចម្រុះ រួមមានការផ្តល់អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា ការបង់ប្រាក់ទស្សនាការផ្សាយពាណិជ្ជកម្មតាមឈុតឆាក និងការផ្ដល់សេវាកម្មបច្ចេកវិទ្យា AIGC ជាដើម។ វិធីទាំងនេះមិនត្រឹមតែជួយឱ្យមាតិកាមានចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឱ្យដៃគូដែលចូលរួមទាំងអស់ទទួលបានផលប្រយោជន៍ជាក់ស្តែងពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផងដែរ។

លោក លីវ ស៊ីនយុន នាយករងគ្រប់គ្រងក្រុមហ៊ុន Yaoxiang Culture Communication បានចាក់ផ្សាយរឿងភាគខ្លី AIGC ដែលមានតួអង្គពិតដំបូងរបស់កម្ពុជា បង្កើតឡើងដោយសហការជាមួយ ក្រុមហ៊ុន BKL Media Production ព្រមទាំងរឿងភាគខ្លី «រឿងទេវកថាចិន» និង «រឿងព្រេងបុរាណចិន» ដែលបង្ហាញពីវប្បធម៌ចិនដោយប្រើបច្ចេកវិទ្យា AIGC។ ក្នុងផ្នែកផលិតខ្លឹមសារ បច្ចុប្បន្ន Yaoxiang Culture បានប្រមូលផ្តុំដៃគូសហប្រតិបត្តិការបច្ចេកវិទ្យា AIGC ឈានមុខគេមួយចំនួននៅប្រទេសចិន ដោយបានកសាងសមត្ថភាពផលិតខ្លឹមសារ AIGC រួមមាន ការផលិតតួអង្គឌីជីថល AI ការផលិតគំនូរជីវចល 3D AI ការបង្កើតរូបភាព និងវីដេអូដោយ AI ពីអត្ថបទ ការបកប្រែ និងបញ្ចូលសំឡេង AI ច្រើនភាសា ជាដើម។ យើងទន្ទឹងរង់ចាំចាប់ដៃជាមួយអ្នកបង្កើតមាតិកាកម្ពុជាកាន់តែច្រើន ដោយប្រើប្រាស់បច្ចេកវិទ្យា AIGC ដើម្បីរួមគ្នាស្វែងយល់ពីលទ្ធភាពសហប្រតិបត្តិការចម្រុះ និងស៊ីជម្រៅជាងមុន។
នៅក្នុងវគ្គចុះហត្ថលេខា សមាគមយុវជនឌីជីថលកម្ពុជា-ចិន និង Yaoxiang Culture បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ ភាគីទាំងពីរនឹងអភិវឌ្ឍ ព្រមទាំងសហការស៊ីជម្រៅលើការអនុវត្តបច្ចេកវិទ្យា AIGC ក្នុងវិស័យវប្បធម៌ និងទេសចរណ៍កម្ពុជា ដែលជាចំណុចសំគាល់នៃកិច្ចសហប្រតិបត្តិការជាផ្លូវការរវាងអ្នកបង្កើតមាតិកានៃប្រទេសទាំងពីរ ក្នុងវិស័យការអនុវត្ត AIGC និងការកសាងប្រព័ន្ធអេកូឡូស៊ីបង្កើតមាតិកា។ តារាចម្រៀងខ្មែរពេញនិយម លោក ម៉ា ច័ន្ទបញ្ញា ក៏បានចុះហត្ថលេខាផ្ទាល់ក្នុងពិធីនេះ ដោយក្លាយជាសិល្បករកម្ពុជាដំបូងគេដែលនឹងបង្កើត និងដាក់បង្ហាញរូបភាពសិល្បករឌីជីថល AI ផ្ទាល់ខ្លួន និង MV ដែលផលិតដោយ AI នៅលើវេទិកា Hi View។

ជាចុងក្រោយ ក្រោមសក្ខីភាពនៃវត្តមានរបស់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសទាំងអស់ គណៈអធិបតីបានចុចបាល់គ្រីស្តាល់រួមគ្នា ដោយប្រកាសជាផ្លូវការនូវការដាក់ឱ្យដំណើរការវេទិកា Hi View។ វេទិកា Hi View ដែលបង្កើតឡើងដោយក្រុមហ៊ុន Yaoxiang Culture Communication នឹងផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា AIGC ដើម្បីជួយបង្កើតមាតិកាសម្រាប់វេទិកា និងផលិតមាតិកា AI ធ្វើជាលក្ខណៈពិសេសរបស់ខ្លួន។ តាមរយៈការបង្កើតវេទិកាមាតិកាឌីជីថល និងការផ្សព្វផ្សាយបច្ចេកវិទ្យា និងសមត្ថភាពផលិត AIGC របស់ប្រទេសចិន វានឹងជំរុញកិច្ចសហប្រតិបត្តិការ និងការរួមបញ្ចូលគ្នាទៅវិញទៅមក រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសកម្ពុជា ក្នុងវិស័យឧស្សាហកម្មវប្បធម៌ និងវិស័យមាតិកាសោតទស្សន៍លើបណ្តាញអិនធឺណែត៕





