ស្វាយរៀង៖លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងអញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្ដមលោកជំទាវ លោក លោកស្រីរដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៨ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃកិច្ចប្រជុំសរុបវត្តមានចំនួន ៣៣៤នាក់។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជាយើងមានបញ្ហាព្រំដែនជាមួយប្រទសថៃក៏ពិតមែន ប៉ុន្តែក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយនៅ ទូទាំងប្រទេស និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង ឱ្យមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាមួយនឹងសភាពការណសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅទូទាំងខេត្តមានលក្ខណៈល្អប្រសើរ ដែលផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍ និងការវិនិយោគ ការប្រកបអាជីវកម្ម និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តមបន្តថា ក្រុមការងាររាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅ មូលដ្ឋានដូចជា ទិវាបុណ្យជាតិ និងអន្តរជាតិ ពិធីសម្ពោធសមិទ្ធផល ពិធីបុណ្យសាសនា ការប្រកួតកីឡា កម្មវិធីសង្ក្រាន សកម្មភាពដាំដើមឈើ ការដឹកនាំក្រុមគ្រូពេទ្យស្មគ្រចិត្ត ចុះជួយព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ សកម្មភាពមនុស្សធម៌ និងពិធីនានាជាដែលបានរៀបចំនៅក្នុងខេត្ត ព្រមទាំងបានចូលរួមជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដល់មូលដ្ឋាន ដូចជាការជួយឧបត្ថម្ភសម្ភារៈ និងថវិកាដល់គ្រួសារក្រីក្រ គ្រួសារជួបគ្រោះធម្មជាតិ និងក្រុមគ្រួសារងាយរងហានិភ័យ ជាដើម ។

ឯកឧត្តមបន្ថែមទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានចូលរួមដោះស្រាយសំណេីរ សំណូមពរ និងបញ្ហាប្រឈមនានា ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លូន និងបានកៀរគរធនធានពីសប្បុរសជននានា ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋាន និងចូលរួមកសាងសមិទ្ថផលនានារួមមាន ការជួយស្ថាបនាផ្លូវ ប្រឡាយទឹក សាងសង់អាគារមន្ទីរពេទ្យ មណ្ឌលសុខភាព អាគារសាលារៀន ខ្លោងទ្វារ កុដ្ឋ ឧបដ្ឋានសាលា និងសមិទ្ធផលនានាជាច្រើនបន្ថែមទៀតទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវជាក់ស្តែង។

លោកជំទាវបណ្ឌិតសភាចារ្យបានមានប្រសាសន៍បូករុបលទ្ធផលកិច្ចប្រជុំ និងផ្សព្វផ្សាយនូវវិធានការសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងកំឡុងពេលវិវាទជាមួយថៃ រួមទាំងលើវិស័យពាណិជ្ជកម្ម ថាមពល គមនាគមន៍ វិធានការត្រៀមទទួល បងប្អូនពលករដែលអាចត្រឡប់មកពីប្រទេសថៃ និងសម្របសម្រួលនិងជ្រោមជ្រែងដល់គ្រប់ពលករនៅខេត្តស្វាយរៀងឱ្យទទួលបានការងារធ្វើ ឬបន្តវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗទៀតផងដែរ៕គឹមសេង


