ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន (ក្នុងបរិវេណព្រឹទ្ធសភា) មានរៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបរិច្ចាគរថយន្តពេទ្យចល័ត១គ្រឿងដែលជាអំណោយរបស់មូលនិធិចិនPEACELANDជូនដល់សមាគមមិត្តភាពកម្ពុជា-ចិន។

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, លោក Liu Wenzhi តំណាងមូលនិធិចិនPEACELANDដែលជាម្ចាស់ជំនួយ, លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចូលរួម។
បើតាម លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានមានវត្តមាន នៅពេលនោះដែរ បានមានប្រសាសន៍ថា ក្នុងស្មារតីរួមគ្នាជាមួយសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសុខភាពសាធារណៈ ក៏ដូចជារួមចំណែកជាមួយអង្គពាក់ព័ន្ធនានាក្នុងការពិនិត្យជំងឺបេះដូងពីកំណើតជូនដល់កុមារកម្ពុជា មូលនិធិចិនPEACELANDបានកៀគរហិរញ្ញវត្ថុពីបណ្តាដៃគូសហការនានាក្នុងការផ្តល់អំណោយរថយន្តពេទ្យចល័ត១គ្រឿងជូនមកសមាគមមិត្តភាពកម្ពុជា-ចិន។ តាមរយៈអំណោយនេះ សង្គមស៊ីវិលរបស់ប្រទេសចិនដែលបំពេញបេសកកម្មនៅកម្ពុជាដែលមានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍជាតំណាងនឹងបន្តកិច្ចសហការជាមួយបណ្តាអង្គពាក់ព័ន្ធនានាដែលក្នុងនោះរួមមានក្រុមគ្រូពេទ្យជំនាញបេះដូងពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ក្នុងការប្រើប្រាស់រថយន្តនេះឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានរំលេចថា ចាប់ពីឆ្នាំ២០១៨មក សមាគមមិត្តភាពកម្ពុជា-ចិនបានសហការជាមួយអង្គពាក់ព័ន្ធនានា ជាពិសេសសង្គមស៊ីវិលរបស់ប្រទេសចិនក្នុងការជួយសម្របសម្រួលដល់ការចុះពិនិត្យសុខភាព និងបញ្ជូនកុមារចំនួន១២២រូបដែលមានជំងឺបេះដូងពីកំណើតទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។ ឯកឧត្តមបានបន្ថែមថា វេទិកានាថ្ងៃនេះគឺជាសក្ខីភាពបញ្ជាក់កាន់តែច្បាស់ពីទំនាក់ទំនងនៃសង្គមស៊ីវិលរបស់ប្រទេសយើងទាំងពីរដែលតែងរួមគ្នាក្រោមទម្រនៃតំណភ្ជាប់កាន់តែរឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
សមិទ្ធផលថ្មីនាថ្ងៃនេះ ដែលសង្គមស៊ីវិលនៃប្រទេសទាំងពីរសម្រេចបាន ត្រូវបានចាត់ទុកថា ជាការចាក់បញ្ចូលនូវគ្រឹះកាន់តែរឹងមាំនៃទំនាក់ទំនងដែកថែបរវាងសង្គមស៊ីវិលកម្ពុជា-ចិន។ មូលនិធិចិនPEACELAND ដែលចាប់ពីឆ្នាំ២០១៨ មកបានចូលរួមជាមួយបណ្តាដៃគូសហការនានាក្នុងប្រទេសកម្ពុជាដូចជាអាជ្ញាធរមីនកម្ពុជា (CMAA) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលក្រុងរុនតាឯកតេជោសែន និងអាជ្ញាធរមូលដ្ឋាននានាដើម្បីអនុវត្តគម្រោងជាច្រើនលើវិស័យបោសសម្អាតមីន វិស័យបរិស្ថាន វិស័យកសិកម្ម ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការលើកកម្ពស់អំណានរបស់សិស្សានុសិស្សជនបទជាដើម ក្រោមកិច្ចសម្របសម្រួលពីសមាគមមិត្តភាពកម្ពុជា-ចិន៕



