ប្រធានអ្នកចរចាពន្ធគយរបស់ប្រទេសជប៉ុនលោក Akazawa Ryosei បានវិលត្រឡប់មកប្រទេសជប៉ុនវិញហើយ បន្ទាប់ពីបានជួបពិភាក្សាជាមួយសមាជិកកំពូលនៃរដ្ឋបាលអាមេរិក។ លោក Akazawa បាននិយាយថា ប្រសិនបើមានវឌ្ឍនភាពនៅក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី មេដឹកនាំនៃប្រទេសទាំងពីរអាចផ្លាស់ប្តូរយោបល់គ្នាក្នុងក្តីសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយ។

លោក Akazawa បានរាយការណ៍ទៅនាយករដ្ឋមន្ត្រី Ishiba Shigeru និងប្រធានខុទ្ទកាល័យលោក Hayashi Yoshimasa អំពីកិច្ចប្រជុំរបស់គាត់ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ អ្នកទាំងបីបានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រអ្វីដែលជប៉ុនគួរធ្វើក្នុងការចរចាជាមួយអាមេរិក។
បន្ទាប់ពីកិច្ចប្រជុំ លោក Akazawa បាននិយាយថា ប្រទេសទាំងពីរបាននឹងកំពុងពិភាក្សាអំពីការពង្រីកពាណិជ្ជកម្ម វិធានការមិនមែនពន្ធគយ និងកិច្ចសហប្រតិបត្តិការសន្តិសុខសេដ្ឋកិច្ច។ លោកបានបន្ថែមថា លោកក៏បានទទួលការណែនាំពី Ishiba សម្រាប់ការចរចាបន្តទៅមុខ។ លោកថា រដ្ឋាភិបាលជប៉ុនប្រកាន់ជំហរថា ខ្លួនដាក់អាទិភាពលើការការពារផលប្រយោជន៍ជាតិ។
ក្នុងពេលជាមួយគ្នានេះ ក្រុមអ្នកចរចាព្យាយាមឈានដល់កិច្ចព្រមព្រៀងរវាង Ishiba និង Trump នៅក្រៅកិច្ចប្រជុំកំពូល G7 នៅសប្តាហ៍ក្រោយនៅប្រទេសកាណាដា។ ទោះយ៉ាងណាក៏ដោយ លោក Akazawa បានទទួលស្គាល់ថា ការងារបន្ថែមទៀតត្រូវតែធ្វើសម្រាប់ឲ្យមាកិច្ចព្រមព្រៀងកើតឡើង៕

ដោយ៖ ពេជ្រ