បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន១០នាក់ ក្នុងនោះស្រី៤នាក់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន១០.៧៤៧គ្រាប់ ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យជាជនជាតិថៃ១០នាក់ក្នុងនោះមានស្រី៤នាក់។ លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានរឹបអូសគ្រឿងញៀនប្រភេទគ្រាប់មេតំហ្វេតាមីនWYហៅយ៉ាម៉ាចំនួន១០.៧៤៧គ្រាប់និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២៦ថង់និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ការបង្ក្រាបធ្វើទ្បើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចអគារថ្មីស្ថិតភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕