លោក Netanyahu ចង់​គ្រប់គ្រង​ហ្គាហ្សា ដូចជាទឹកដីអ៊ីស្រាអែលថ្មី

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសរបស់លោកមានបំណងគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សាស្ទ្រីប។

លោក Netanyahu បានបញ្ចេញសារវីដេអូមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោក បាននិយាយថា អ៊ីស្រាអែលនឹងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃតំបន់នេះ ដោយបន្ថែមថា “នោះជាអ្វីដែលយើងនឹងធ្វើ” ។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយកងទ័ពជើងគោកទៅកាន់ទីតាំងយុទ្ធសាស្ត្រ និងបានធ្វើការវាយប្រហារតាមអាកាសលើគោលដៅជាង ១៦០ រួមទាំងទីតាំងរឹងមាំរបស់ក្រុមហាម៉ាសផងដែរ។

អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទបាននិយាយថា មនុស្សចំនួន ១៣៦ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

អ្នកស្រុកនៅតំបន់ហ្គាហ្សាបាននឹងកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ៊ីស្រាអែលបានបញ្ឈប់ការចូលនៃជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់នេះកាលពីខែមីនា។

អ៊ីស្រាអែលក៏បានប្រកាសកាលពីថ្ងៃអាទិត្យថា ការចែកចាយស្បៀងនឹងបន្តឡើងវិញ ប៉ុន្តែបាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យចែកតែក្នុងបរិមាណតិចតួចនៃការផ្គត់ផ្គង់ប៉ុណ្ណោះ។

  កាល​ពី​ថ្ងៃ​ចន្ទ រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​ចំនួន ៥​គ្រឿង បាន​ចូល​ក្នុង​តំបន់​ហ្គាហ្សា។ ប៉ុន្តែ​គេ​នៅ​តែ​ត្រូវ​មើល​ថា​តើ​អាហារ​គ្រប់គ្រាន់​នឹង​ត្រូវ​បាន​នាំ​មក​សម្រាប់​អ្នក​ស្រុក​ជាង​ពីរ​លាន​នាក់​ក្នុង​តំបន់​នេះ​ឬ​អត់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment