លោក Pep Munoz គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង បានសំណូមពរដល់អ្នកគាំទ្រស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាទាំងអស់ អញ្ជើញចូលរួមទស្សនាផ្ទាល់ឱ្យបានច្រើនកុះករក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥ ឲ្យដូចការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League។
គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀងបានលើកឡើងបែបនេះក្រោយ ក្រុមរបស់លោកបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន Hun Sen Cup បន្ទាប់ពីស្មើគ្នាជាមួយ បឹងកេត នៅជើងទីពីរ កាលពីថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ក្នុងលទ្ធផល ១-១ និងសរុបលទ្ធផលទាំង ២ ជើង ឈ្នះក្នុងលទ្ធផល ២ ទល់នឹង ១។
យ៉ាងណា លោក Pep Munoz សង្ឃឹមថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Hun Sen Cup រវាងព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ២៥ ខែ ឧសភា ខាងមុខ នឹងមានអ្នកគាំទ្រយ៉ាងច្រើនបែបនេះម្តងទៀត៕
