“មិនថាក្នុងនាមជាទីផ្សារប្រភពអ្នកទេសចរឬក៏គោលដៅទេសចរណ៍ ចិនសុទ្ធតែជាអ្នកឈានមុខគេមួយក្នុងមុខរបរទេសចរណ៍ដ៏ពិតប្រាកដលើពិភពលោក ។ ស្របពេលជាមួយគ្នានេះ ក្នុងវិស័យធ្វើបរិវត្តកម្មឌីជីថលនៃរបរទេសចរណ៍ ចិនកាន់ឋានៈនាំមុខគេក្នុងវិស័យទាំងសាធារណៈនិងឯកជន ។” ពេលថ្មីៗកន្លងទៅនេះ លោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិបានវាយតម្លៃយ៉ាងសកម្មចំពោះទីផ្សារទេសចរណ៍របស់ចិន ។
ថ្ងៃឈប់សម្រាក “១ឧសភា”ឆ្នាំនេះ ជាថ្ងៃឈប់សម្រាក “១ឧសភា”ទីមួយបន្ទាប់ពីប្រទេសចិនអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនរយៈពេល២៤០ម៉ោង ។ ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិនគឺ៣១៤លាននាក់ ដែលកើនឡើង៦,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ចំនួនអ្នកចេញចូលដែនចិនគឺ១០លាន៨សែន៩ម៉ឺន៦ពាន់នាក់ ដែលកើនឡើង២៨,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ អ្នកទេសចរណ៍បរទេសដែលចេញចូលដែនចិនមានចំនួន១លាន១សែន១ម៉ឺន៥ពាន់នាក់ ដែលកើនឡើង៤៣,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ល។ ទិន្នន័យដ៏លេចធ្លោបានក្លាយជាបង្អួចសម្រាប់ទូទាំងពិភពលោកសង្កេតមើលប្រទេសចិនម្តងទៀត ។ ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានបរទេសក៏បានបន្តយកចិត្តទុកដាក់ដល់កម្លាំងរស់រវើកនៃសេដ្ឋកិច្ចថ្ងៃឈប់សម្រាករបស់ចិនតាមរយៈសមិទ្ធផលរបស់ចិនអំឡុងពេលថ្ងៃឈប់សម្រាក“១ឧសភា”ដែរ ។
វេបសាយ World Net Dailyរបស់អាមេរិកបានយល់ឃើញថា ការប្រើប្រាស់នៅថ្ងៃឈប់សម្រាក“១ឧសភា”របស់ចិនទទួលបានសមិទ្ធផលដ៏លេចធ្លោ ។ ការផ្សាយដំណឹងឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក“១ឧសភា” ការប្រើប្រាស់ខាងសេវាកម្មរបស់ចិនបន្តឡើងកំដៅ ទីផ្សារភោជនីយដ្ឋាននិងទេសចរណ៍វប្បធម៌មានភាពសន្ទុះយ៉ាងខ្លាំង ទំហំលក់ដូរនៃមុខរបរភោជនីយដ្ឋានបានកើនឡើងយ៉ាងច្បាស់លាស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្រៅពីនេះ ការប្រើប្រាស់ខាងការធ្វើទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេសក៏លេចចេញនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរដែរ ។
វេបសាយ Jing Daily របស់អាមេរិកបានផ្សាយដំណឹងឱ្យដឹងថា អ្នកប្រើប្រាស់របស់ចិនបានឆ្លងកាត់ការពិសោធន៍ពីភាពមិនប្រាកដប្រជានៅខាងក្រៅក្នុងថ្ងៃឈប់សម្រាកធំៗទីមួយ ទីផ្សារប្រើប្រាស់ទូទាំងប្រទេសចិនមានវិបុលភាពនិងភាពរស់រវើក ។
ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានផ្សាយដំណឹងឱ្យដឹងថា ថ្ងៃឈប់សម្រាក“១ឧសភា”ត្រូវគេចាត់ទុកថាជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់អ្នកប្រើប្រាស់ ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក “១ឧសភា” ស្ថាប័នត្រួតពិនិត្យព្រំដែនទូទាំងប្រទេសចិនបានធានាអ្នកដំណើរជាតិនិងអន្តរជាតិសរុប១០លាន៨សែន៩ម៉ឺន៦ពាន់នាក់ឱ្យចេញចូលដែនដោយរលូន ក្នុងនោះ ពលរដ្ឋចិនដីគោកដែលចេញចូលដែនមានចំនួន៥លាន៧សែន៧ម៉ឹន៨ពាន់នាក់ ដែលកើនឡើង២១,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានអេមីរ៉ាតអារ៉ាប់រួមបានផ្សាយដំណឹងថា ស្របពេលដែលសហគមន៍អន្តរជាតិមានចំណាប់អារម្មណ៍កាន់តែខ្លាំងចំពោះវប្បធម៌ប្រពៃណីរបស់ចិន ទីផ្សារទេសចរណ៍វប្បធម៌របស់ចិនបានលេចចេញនិន្នាការកើនឡើងដ៏លេចធ្លោ ។ ការវិភាគបានលើកឡើងថា ការផ្តល់ជម្រើសទិញទំនិញដ៏សំបូរបែបនិងសេវាកម្មបង្វិលពន្ធសងវិញដែលប្រកបដោយគុណភាពកាន់តែល្អនិងកាន់តែងាយស្រួលដល់អ្នកដំណើរបរទេស វាបានជំរុញដោយមានប្រសិទ្ធភាពដល់ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ហើយក៏មានអំណោយផលដល់ការជំរុញកម្លាំងរស់រវើកនៃការប្រើប្រាស់ក្នុងដែនចិនផងដែរ ។ ចិនក្លាយជាគោលដៅនៃការប្រើប្រាស់ខាងទេសចរណ៍ដែលកាន់តែមានភាពទាក់ទាញ វាមិនត្រឹមតែបានជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏ជំរុញដល់ការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងទីផ្សារជាតិនិងអន្តរជាតិដែរ ។
ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥ជាទិវាទេសចរណ៍ចិនលើកទី១៥ ។ ប្រធានបទឆ្នាំនេះគឺ “ធ្វើដំណើរនៅទឹកដីដ៏ស្រស់ស្អាត” ។ តំបន់នានារបស់ចិនបានរៀបចំសកម្មភាពដ៏សម្បូរបែបក្រោមប្រធានបទនេះ ។
ក្រុង Qianjiang ខេត្ត Hubei រៀបចំធ្វើសកម្មភាពដើម្បីបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃពិព័រណ៍កូនបង្កងក្រហមក្រុង Qianjiang ឆ្នាំ២០២៥ ។ ខេត្ត Guizhou រៀបចំមហោស្រពតន្រ្តីដែលឈ្មោះ “សប្បាយរីករាយ១៩ឧសភាតាមរយៈទំនៀមទម្លាប់ប្រជាប្រិយ” និង “ផ្លូវពោរពេញទៅដោយផ្កា”ជាដើម ។ ក្រុង Hezhou ភូមិភាគស្វយ័ត Guangxi បានរៀបចំកម្មវិធីសិល្បៈប្រកបដោយលក្ខណៈពិសេសជនជាតិដូចជាល្ខោនប្រពៃណី ការសម្តែងកម្មវិធីស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនិងរបាំបែបបុរាណចិនជាដើម ។ ភូមិភាគស្វយ័ត Ningxia បានរៀបចំសកម្មភាពដូចជាមហោស្រពចម្រៀងប្រជាប្រិយតំបន់ភាគខាងលិចជាដើម ។ សកម្មភាពប្រកបដោយលក្ខណៈពិសេសដែលរៀបចំឡើងដោយពឹងផ្អែកទៅលើវប្បធម៌ចិនដែលមានភាពអស្ចារ្យនិងអច្ឆរិយ មុខជានឹងទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិកាន់តែច្រើន ។
ពី “សេដ្ឋកិច្ចដើមសំបុត្រ(ticket stub economy)”ដល់គោលនយោបាយលើកលែងទិដ្ឋាការ ពីការធ្វើទេសចរណ៍នៅតំបន់ជុំវិញដល់ការធ្វើទេសចរណ៍ឆ្លងដែនទៅវិញទៅមក តំបន់នានារបស់ចិនច្នៃប្រឌិតថ្មីទិដ្ឋភាពប្រើប្រាស់ ដើម្បីនាំមកនូវការដកបទពិសោធន៍ដ៏សម្បូរបែបដល់អ្នកទេសចរជាតិនិងអន្តរជាតិ ។ គំរូនៃថ្ងៃឈប់សម្រាក “១ឧសភា” ជាការឆ្លុះបញ្ចាំងនៃភាពធន់នៃសេដ្ឋកិច្ចរបស់ចិនផង ហើយក៏ជាចំណែកមួយនៃការពិពណ៌នាថ្មីអំពីការធ្វើសកលភាវូបនីយកម្មផងដែរ ។ ចិនកំពុងប្រែកម្លាំងរស់រវើកនៃទីផ្សារក្នុងស្រុកឱ្យក្លាយជាកម្លាំងចលករនៃកំណើនទូទាំងពិភពលោក ដោយអាកប្បកិរិយាកាន់តែបើកទូលាយ ។ ចិនកំពុងក្លាយជាគោលដៅនៃការប្រើប្រាស់ខាងទេសចរណ៍ដែលកាន់តែមានភាពទាក់ទាញ ៕


