នាយក​ទីភ្នាក់ងារ​ FCDO ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​រួម​ចំណែក​របស់​ចក្រភព​អង់គ្លេស​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​

នៅថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ លោក ​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ និង​ លោក Charles Hay MVO នាយក​​ទី​ភ្នាក់ងារ​កិច្ច​ការ​បរទេស​ ​ផ្តល់​ជំនួយ​ និង​ការអភិវឌ្ឍ​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ នៃ​ក្រសួង​ការបរទេស​អង់គ្លេស​ (FCDO Director for Southeast Asia and the Pacific)​ បាន​ចុះ​ឈ្វេងយល់​អំពី​សកម្មភាព​ និង​ចុះ​ពិនិត្យ​លទ្ធផល​នៃ​ការងារ​បោសសម្អាត​មីន​របស់​អង្គការ​ HALO Trust ក្រោម​ការ​គាំទ្រ​ពី​​ទីភ្នាក់ងារ​​ FCDO នៃ​ក្រសួង​ការបរទេស​​ចក្រភព​អង់គ្លេស​។

ចម្ការ​មីន​ដែល​ត្រូវ​ចុះ​ពិនិត្យ​​ ស្ថិតក្នុង​ភូមិ​តាពេញ​ ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​ ដោយ​មាន​អញ្ជើញ​ចួលរួម​ផងដែរ​ពី​ លោក​ Dominic Williams​ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ និង​​ ឧត្តម​សេនីយ៍​ឯក​ អ៊ុច​ វ៉ាន់ថា មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ តំណាង​នាយឧត្តមសេនីយ៍​ ម៉ៅ​ សុផាន់​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​។

អំឡុង​ពេល​ចុះ​ពិនិត្យ​នោះ​ លោក ​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​គូស​បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ការ​រួម​ចំណែក​ពី​ប្រទេស​ជាមិត្ត​ ដៃគូ​អភិវឌ្ឍន៍​ ធ្វើ​ឱ្យ​សម្រេច​បាននូវ​សមិទ្ធផល​យ៉ាង​ធំធេង​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​រយៈ​ពេល​ជាង​ ៣០​ឆ្នាំ​មកនេះ​។ ក្នុង​នោះ​ចក្រភព​អង់គ្លេស​ គឺ​ជា​ដៃ​គូ​មួយ​យ៉ាង​សំខាន់​ ក្នុង​ចំណោម​ប្រទេស​ជាមិត្ត​ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត​ ដែល​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​លេី​សកម្មភាព​មនុស្សធម៌​នេះ​ផងដែរ​។

លោកបន្ត​ទៀត​ថា​ ទោះ​បី​យ៉ាងណា​ កម្ពុជា​នៅ​បន្ត​ដេីរ​លេី​ផ្លូវ​យ៉ាង​វែង​ឆ្ងាយ​ទៀត​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​មីន​ដែល​នៅ​សេសសល់​ ក្នុង​នោះ​ដេីម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ អាជ្ញាធរ​មីន​ ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​និង​កំពុង​រៀបចំ​នូវ​គោលនយោបាយ​ជាតិ​សកម្មភាព​មីន​ ២០២៦-២០៣៥​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ឆ្ពោះ​ទៅ​រក​កម្ពុជា​គ្មាន​ផលប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​។

ក្នុង​ឱកាស​នោះ​ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ លោក​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស​ ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ និង​រួម​ចំណែក​ដល់​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​។

លោក​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ក៏បាន​ថ្លែង​អំណរគុណ​ដល់​អង្គការ​ HALO Trust ដែល​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​ ព្រម​ទាំង​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​ជូន​ប្រជាជន​កម្ពុជា​​ តាម​រយៈ​ការ​ផ្តល់​ដី​សុវត្ថិភាព​ កាត់​បន្ថយ​គ្រោះថ្នាក់​ និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។

 ជាមួយ​គ្នានេះ​ លោក Charles Hay​ បាន​ថ្លែង​អំណរគុណ​ និងសម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល​ជាក់ស្តែង​លេី​ដី​បោសសម្អាត​មីន​រួច​ ក្រោម​ជំនួយ​គាំទ្រ​រាជរដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស​។

ការ​ចុះ​ពិនិត្យ​របស់​ទីភ្នាក់ងារ​ FCDO លើ​ជំនួយ​របស់​អង់គ្លេស​លើការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​ គឺ​ដើម្បី​សិក្សា​វាយតម្លៃ​អំពី​លទ្ធផល​សម្រេច​បាន​ និង​រៀបចំ​នូវ​របាយការណ៍​ដាក់​ជូន​រាជរដ្ឋាភិបាល​អង់គ្លេស​ ធ្វើការ​ពិនិត្យ​ និងពិចារណា​លើ​ការ​ផ្តល់​ជំនួយ​បន្ត​របស់​អង់គ្លេស​ ដែល​នឹង​ត្រូវ​ប្រជុំ​អនុម័ត​នៅ​ក្នុង​២០២៧​ ខាង​មុខ​៕

Written by 

Related posts

Leave a Comment