ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកបានជូនដំណឹងដល់ប្រធានាធិបតីអាមេរិក Donald Trump ថា ទីក្រុង Kyiv បានរៀបចំខ្លួនរួចហើយដើម្បីចាប់ផ្តើមការចរចាសន្តិភាពនៅក្នុងទម្រង់ណាមួយ ប្រសិនបើរុស្ស៊ី បង្ហាញពីឆន្ទៈរបស់ខ្លួន ដោយអនុវត្តបទឈប់បាញ់ពេញលេញដោយគ្មានលក្ខខណ្ឌ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X លោក Zelensky បាននិយាយថាការសន្ទនាជាមួយ Trump តាមទូរស័ព្ទ រួមបញ្ចូលការពិនិត្យឡើងវិញអំពីស្ថានភាពសមរភូមិនិងការផ្តល់ជូនដើម្បីចាប់ផ្តើមបទឈប់បាញ់រយៈពេល ៣០ ថ្ងៃភ្លាមៗ។ លោកបានបន្តថា យើងកំពុងរង់ចាំរុស្ស៊ីដើម្បីគាំទ្រសំណើនេះ។
លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននៅតែប្តេជ្ញាចិត្តចំពោះការងារការទូត។ លោក Zelensky បានថ្លែងថា “ខ្ញុំក៏បានបញ្ជាក់សារជាថ្មីថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចចរចាក្នុងទម្រង់ណាមួយ។ ប៉ុន្តែរុស្ស៊ីក៏ត្រូវតែបង្ហាញពីភាពប្រាកដប្រជានៃចេតនារបស់ខ្លួនក្នុងការបញ្ចប់សង្រ្គាម ដោយចាប់ផ្តើមជាមួយនឹងបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌពេញលេញ។
មេដឹកនាំអ៊ុយក្រែនបានបន្ថែមថា លោក Trump បានបង្ហាញការគាំទ្រចំពោះគំនិតនៃបទឈប់បាញ់ ហើយបានបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់ក្នុងការជួយធ្វើឱ្យសង្គ្រាមបញ្ចប់។ លោកថា“យើងបានយល់ព្រមលើការទំនាក់ទំនងបន្ថែមទៀតរបស់យើងលើបញ្ហានេះជាមួយអាមេរិក”។
លោក Zelensky ក៏បានស្វាគមន៍ផងដែរចំពោះការផ្តល់សច្ចាប័នរបស់សភាអ៊ុយក្រែននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ដោយហៅវាថាជា ឯកសារប្រវត្តិសាស្ត្រ ដែលបើកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ការអំពាវនាវរបស់លោក Zelensky ធ្វើឡើងស្របពេលជាមួយនឹងទិវាជ័យជំនះនៅអឺរ៉ុប ដែលមេដឹកនាំទាំងពីរបានទទួលស្គាល់ថាជាពេលវេលាចែករំលែកនៃការរំលឹកដល់ការបរាជ័យនៃលទ្ធិណាស៊ី។
កន្លងមក អ្នកនាំពាក្យវិមានក្រឹមឡាំងបានអះអាងថា ទីក្រុង Kyiv មិនមានឆន្ទៈក្នុងការចូលរួមយ៉ាងពិតប្រាកដនោះទេ ខណៈដែលអ៊ុយក្រែនអះអាងថា ខ្លួនកំពុងរង់ចាំសកម្មភាពជាក់ស្តែងពីទីក្រុងម៉ូស្គូ៕

ដោយ៖ ពេជ្រ