ជម្រើសជាតិកីឡាប្រដាល់សកល៣រូបរួមនិងគ្រូបង្វឹកមួយរូប ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនទៅចូលរួមការប្រកួត កីឡាយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំ នៅប្រទេសស្រីលង្កា ដែលការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី១០ដល់២៤ ខែ ឧសភា ឆ្នាំ២០២៥។
កីឡាករប្រដាល់សកលជម្រើសជាតិទាំង៣រូបនេះ នឹងត្រូវធ្វើការប្រកួតលើ៣ប្រភេទទម្ងន់ ក្នុងនោះ កីឡាករ នា សុវណ្ណ ប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម កីឡាករ រ៉ុន វិរៈ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងកីឡាករ ឡុង ណូវែល ប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។
គួរឱ្យដឹងដែរថា សម្រាប់ព្រឹត្តិការណ៍ប្រកួតយុវជនអាស៊ីក្រោមអាយុ២២ឆ្នាំនេះ សហព័ន្ធកីឡាប្រដាល់កម្ពុជា ធ្លាប់ចូលរួម២លើករួចមកហើយ ដោយលើកទី១ពុំទទួលបានមេដាយនោះទេ ខណៈលើកទី២នៅប្រទេសថៃ ដដែល កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១និងមេដាយប្រាក់មួយ ខណៈលើកទី៣នៅប្រទេសស្រីលង្កា ដែលមានប្រទេសអាស៊ីចូលរួមជាង៣០ប្រទេសនេះ កម្ពុជាក៏មានក្តីសង្ឈឹមខ្ពស់នាំយកមេដាយបានមកជូនជាតិ ផងដែរ៕
