«ដំបៅមហារីកពន្ធគយ»កំពុងរាលដាលក្នុងសង្គមអាមេរិក

ចាប់ពីដើមខែមេសា ឆ្នាំ ២០២៥ នេះមក «ពន្ធគយបដិការ»របស់រដ្ឋាភិបាលលោក ត្រាំ ប្រធានាធិបតីអាមេរិកបានញាំញីឱ្យពិភពលោកដែលកំពុងមានភាពរង្គោះរង្គើស្រាប់កាន់តែមានភាពច្របូកច្របល់ថែមទៀត ។ ការដំឡើងពន្ធគយដោយមិនរើសមុខនិងខ្ពស់ខុសទំនងបានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរវាងអាមេរិកនិងបណ្តាប្រទេសនានាធ្លាក់ក្នុងភាពជាប់គាំងដោយសារតែពាណិជ្ជករនៃបណ្តាប្រទេសមានការព្រួយបារម្ភពីហានិភ័យពន្ធគយរបស់អាមេរិកដែលប្រែក្រឡាស់ចុះឡើងមិនទៀង ។

ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីគោលនយោបាយ«អាមេរិកជាអាទិភាព»បានធ្វើឱ្យទំនុកចិត្តចំពោះទីផ្សាររបស់អាមេរិកធ្លាក់ចុះយ៉ាងគំហុក ។ រដ្ឋាភិបាលអាមេរិកគិតស្មានថា ការយកពន្ធគយខ្ពស់ចំពោះផលិតផលនាំចូលពីបរទេស នឹងផ្តល់អាទិភាពឱ្យសហគ្រាសក្នុងស្រុកអាច«លក់ចេញផលិតផលកាន់តែច្រើន» ប៉ុន្តែរដ្ឋាភិបាលអាមេរិកគិតខុសត្រង់ថា ប្រទេសនានានឹងមិនសំងំស្ងៀមឱ្យអាមេរិកធ្វើតាមតែទំនើងចិត្តនោះទេ ជាលទ្ធផលគឺប្រទេសជាច្រើនបានដាក់ចេញវិធានការឆ្លើយតបវិញដែលធ្វើឱ្យផលិតផលអាមេរិកពិបាកនាំចេញ ។

ក្រៅពីនេះ ការដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិក៏បានធ្វើឱ្យការនាំចូលវត្ថុធាតុដើមពីបរទេសឡើងថ្លៃខ្ពស់ផងដែរ ដែលធ្វើឱ្យសហគ្រាសអាមេរិកត្រូវចំណាយដើមទុនកាន់តែច្រើនសម្រាប់ការផលិតផលិតផលរបស់ខ្លួន ហើយក៏ត្រូវលក់ចេញក្នុងតម្លៃខ្ពស់ជាងមុន ដែលទីបំផុតគឺអ្នកប្រើប្រាស់របស់អាមេរិកត្រូវចំណាយលុយកាន់តែច្រើនសម្រាប់ការទិញផលិតផលមិនថាផលិតក្នុងស្រុកឬនាំចូលពីបរទេសក្តី ។

ជារឿយៗ អាមេរិកតែងចាត់ទុកប្រទេសចិនជាគូប្រជែងឬសឹងតែជាគូសត្រូវរបស់ខ្លួន ហើយតែងតែដាក់ចេញគោលនយោបាយដែលដាក់កំហិតនិងគាបសង្កត់ចំពោះសហគ្រាសចិនក្រោមលេស«សន្តិសុខជាតិ» ។ រដ្ឋាភិបាលអាមេរិកហាក់ដូចជា«បានចិត្ត»ខ្លាំងចំពោះការប្រើពន្ធគយជាអាវុធដើម្បីសម្លុតគំរាមប្រទេសនានា ជាពិសេសប្រទេសចិន  ហើយគិតថាចិនជាសត្វចៀមដែលសំងំឱ្យធ្វើបាបតាមទំនើងចិត្ត ហេតុនេះទើបមានការដាក់ពន្ធគយរហូតដល់ខ្ទង់រយភាគរយចំពោះផលិតផលនាំចូលពីចិនដែលជាតួលេខដ៏«ឆ្កួតលេលា»គួរឱ្យអស់សំណើច ។

ជាការឆ្លើយតប ប្រទេសចិនបានលើកឡើងថា ចិនមិនចូលរួមលេង«លែ្បងតួលេខពន្ធគយ»ជាមួយអាមេរិកនោះទេ តែប្រសិនបើអាមេរិកពិតជាយកពន្ធគយជាក់ស្តែងមែន នោះចិននឹងឆ្លើយតបវិញដោយស្មើគ្នា ។ ប្រទេសចិនក៏បានគូសរំលេចជាច្រើនលើកច្រើនសាផងដែរថា សង្គ្រាមពន្ធគយឬសង្គ្រាមពាណិជ្ជកម្មវាគ្មានអ្នកឈ្នះទេ មានតែការខាតបង់ទាំងសងខាង ហើយអ្នកដែលត្រូវបង់តម្លៃចុងក្រោយគឺអ្នកប្រើប្រាស់ ។ បើអាមេរិកចង់ចរចាដោយស្មោះត្រង់និងស្មើភាពគ្នា ប្រទេសចិនបើកទ្វារជានិច្ច តែបើបន្តធ្វើសង្គ្រាមពន្ធគយ ចិននឹងប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់ ។

គួររំលឹកថា អស់កាលជាយូរឆ្នាំមកហើយ ប្រទេសចិនជាអ្នកនាំចូលធំបំផុតនូវផលិតផលកសិកម្មរបស់អាមេរិក ជាពិសេសគឺសណ្តែកសៀង ។ ការបំផុសសង្គ្រាមពន្ធគយរបស់រដ្ឋាភិបាលអាមេរិកជាមួយចិន បាននាំឱ្យសហគ្រាសនាំចូលរបស់ចិនងាកទៅនាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីលវិញ ដែលធ្វើឱ្យសណ្តែកសៀងរបស់កសិករអាមេរិកត្រូវជាប់គាំងលក់មិនចេញ ។ រីឯទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលជាផលិតផលចិនដែលមានគុណភាពល្អនិងមានតម្លៃថោកសមរម្យក៏ត្រូវឡើងថ្លៃរាប់សិបដងនៅទីផ្សារអាមេរិក ដែលបង្កើនបន្ទុកខ្លាំងដល់អ្នកប្រើប្រាស់របស់អាមេរិក ។ នេះហើយជា«ប្រសិទ្ធភាព»នៃគោលនយោបាយ«អាមេរិកជាអាទិភាព»របស់លោក ត្រាំ ។

ជាងនេះទៅទៀត អាវុធពន្ធគយរបស់រដ្ឋាភិបាលលោក ត្រាំ ក៏បានវាយប្រហារចូលទៅក្នុងវិស័យឧស្សាហកម្មភាពយន្តទៀតផង ពោលគឺលោក ត្រាំ បានប្រកាសថានឹងយកពន្ធ ១០០ភាគរយលើខ្សែភាពយន្តដែលមិនផលិតនៅអាមេរិកក្រោមហេតុផលថា ហូលីវូដបាន«រងគ្រោះ»យ៉ាងខ្លាំង ដែលបណ្តាលឱ្យឧស្សាហកម្មភាពយន្តអាមេរិកកំពុង«ធ្លាក់ចុះយ៉ាងឆាប់រហ័ស»ដែលបង្កជា«ការគំរាមកំហែងដល់សន្តិសុខជាតិ»ចំពោះសហរដ្ឋអាមេរិក ។  ទាក់ទិននឹងករណីនេះ ឥស្សរជនមួយចំនួននៃវិស័យឧស្សាហកម្មភាពយន្តបានថ្លែងថា ចំណាត់ការរបស់រដ្ឋាភិបាលលោក ត្រាំ គឺជាគ្រោះមហន្តរាយសម្រាប់ឧស្សាហកម្មភាពយន្តខ្នាតធំ និងភាពយន្តទូរទស្សន៍របស់ហូលីវូដ ។

ទង្វើខុសទំនងដែលប្រើអាវុធពន្ធគយតែពីសតែពាសរបស់រដ្ឋាភិបាលអាមេរិកមិនត្រឹមតែមិនបានទាញយកផលចំណេញឱ្យប្រជាពលរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាដូចជាដំបៅមហារីកដែលកំពុងរីករាលដាលក្នុងសង្គមអាមេរិក ។ ប្រសិនជាមិន«វះកាត់»ចោល«ដំបៅពន្ធគយ»នេះទេ នោះគ្រួសាររាប់ម៉ឺនរាប់សែនរបស់អាមេរិកនឹងត្រូវប្រឈមនឹងសម្ពាធចាយវាយប្រចាំថ្ងៃលើសពីមុនទ្វេដងឬច្រើនដង ពិសេសកសិករអាមេរិកនឹងត្រូវខាតបង់ចំណូលយ៉ាងច្រើនរហូតដល់មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន ។ អភិបាលរដ្ឋជាច្រើនរបស់អាមេរិកបានចេញមុខប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ ជាបន្តបន្ទាប់ ហើយបាតុកម្មក៏បានផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនៅតាមបណ្តារដ្ឋនានារបស់អាមេរិក ។

 ពាក្យមួយឃ្លាពោលថា «អ្នកដែលទទួលបានការគាំទ្រពីប្រជាជនទើបបានកាន់អំណាច» ។ តាមការស្ទង់មតិនាពេលថ្មីៗកន្លងទៅនេះស្តីពីអត្រាគាំទ្រចំពោះការកាន់អំណាចក្នុងរយៈពេល ១០០ ថ្ងៃរបស់លោក ត្រាំ បង្ហាញថា អត្រាគាំទ្រមានត្រឹមតែ ៣៩% តែប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតក្នុងប្រវត្តិសាស្ត្រ ៨០ ឆ្នាំរបស់អាមេរិក ។ រដ្ឋាភិបាលរបស់លោក ត្រាំ គួរពិចារណាឡើងវិញឱ្យបានហ្មត់ចត់ពីគោលនយោបាយរបស់ខ្លួន ហើយងាកទៅធ្វើរឿងណាដែលមានប្រយោជន៍ចំពោះអាមេរិកនិងប្រទេសនានាលើពិភពលោក ដើម្បីទទួលបានទំនុកចិត្តពីប្រជាជនរបស់ខ្លួនក៏ដូចជាសហគមន៍អន្តរជាតិ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

Written by 

Related posts

Leave a Comment