UN ទទូចអ៊ីស្រាអែល ឲ្យបើកផ្លូវមនុស្សធម៌ទៅហ្គាហ្សា ព្រោះកំពុងប្រឈមគ្រោះទុរ្ភិក្សហើយ

អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យអ៊ីស្រាអែលដកបំរាមបិទផ្លូវរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយអះអាងថា ការរារាំងជំនួយដែលមនុស្សជាច្រើនរួមទាំងកុមារដែលត្រូវការស្បៀងអាហារយ៉ាងខ្លាំងនោះជាអំពើឃោឃៅនិងអមនុស្សធម៌ ប្រាសចាកច្បាប់អន្តរជាតិ។

លោក Tom Fletcher ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់អន្តរជាតិមានភាពច្បាស់លាស់ក្នុងនាមជាអ្នកគ្រប់គ្រងអំណាចឬកាន់កាប់តំបន់នោះ អ៊ីស្រាអែលត្រូវតែអនុញ្ញាតឱ្យមានការគាំទ្រផ្នែកមនុស្សធម៌ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។

លោកបាននិយាយថា ការទប់ស្កាត់ជំនួយធ្វើឱ្យជនស៊ីវិលស្រេកឃ្លាន ហើយទុកឱ្យពួកគេគ្មានជំនួយផ្នែកវេជ្ជសាស្រ្តជាមូលដ្ឋាន។ លោកបន្ថែមថាទង្វើបែបអ៊ីស្រាអែកធ្វើឱ្យពួកគេបាត់បង់សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម និង ធ្វើឱ្យមានការផ្តន្ទាទោសនៃឃោរឃៅអមនុស្សធម៌។

លោក Fletcher បានបន្តថា ចលនាមនុស្សធម៌គឺឯករាជ្យ មិនលំអៀង និងអព្យាក្រឹត។ យើងជឿថាជនស៊ីវិលទាំងអស់មានភាពសក្តិសមស្មើគ្នាក្នុងការការពារ។ លោកគូសបញ្ជាក់ថា ពួកគេនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ទោះបីជាមានហានិភ័យបង្កដោយអ៊ីស្រាអែលក៏ដោយ។

សេចក្តីថ្លែងការណ៍បានរំលេចថា ដូចដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ (Antonio Guterres) បានបញ្ជាក់យ៉ាងច្បាស់ហើយថា វិធីសាស្ត្រចុងក្រោយបំផុតដែលស្នើឡើងដោយអាជ្ញាធរអ៊ីស្រាអែលគឺវាមិនបំពេញតាមគោលការណ៏សម្រាប់ការគាំទ្រជំនួយមនុស្សធម៌នោះទេ។

លោក Fletcher បានជំរុញឱ្យអ៊ីស្រាអែលដក ការបិទផ្លូវដ៏ឃោរឃៅនេះ និង អនុញ្ញាតឱ្យ UN ដឹកជំនួយមនុស្សធម៌ដើម្បីជួយសង្គ្រោះជីវិត។

គួររំលឹកថា ចាប់តាំងពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៥ មក អ៊ីស្រាអែលបានបិទច្រកឆ្លងកាត់តំបន់ហ្គាហ្សា ដោយរារាំងការផ្គត់ផ្គង់សំខាន់ៗមិនឱ្យចូលទៅក្នុងតំបន់នេះ បើទោះបីជាមានរបាយការណ៍ជាច្រើនអំពីទុរ្ភិក្សនៅក្នុងទឹកដីដែលបំផ្លិចបំផ្លាញដោយសង្គ្រាមក៏ដោយ។

កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សានៅថ្ងៃទី ១៨ ខែមីនាដោយរំលោភលើបទឈប់បាញ់នៅថ្ងៃទី ១៩ ខែមករានិងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយក្រុមតស៊ូប៉ាឡេស្ទីន Hamas ។

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥២,៤០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សានៅក្នុងការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment