រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យមានការផ្ដន្ទាទោសអ្នកដែលរៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់កាស្មៀរ កាលពីសប្តាហ៍មុន ដែលសម្លាប់មនុស្ស ២៦ នាក់ មកដាក់ទោស។

អាជ្ញាធរក្រុងញូវដែលី បានចោទប្រកាន់ប៉ាគីស្ថានចំពោះការវាយប្រហារលើជនស៊ីវិលនៅឯតំបន់ទេសចរណ៍ Pahalgam ក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី ២២ ខែមេសា។
ទោះជាយ៉ាងណា ទីក្រុងអ៊ីស្លាម៉ាបាដ បានច្រានចោលការចោទប្រកាន់នេះ ហើយប្រទេសទាំង ២ ចាប់តាំងពីពេលនោះមកបានបាញ់ប្រហារគ្នាទៅវិញទៅមកនៅកាស្មៀរ ។
អ្នកការទូតកំពូលរបស់ឥណ្ឌា លោក Subrahmanyam Jaishankar បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កាលពីល្ងាចថ្ងៃពុធថា ជនល្មើស អ្នកគាំទ្រ និងអ្នករៀបចំផែនការវាយប្រហារនេះ ត្រូវតែនាំយកមកកាត់ទោស។
គួរបញ្ជាក់ថា ក្នុងជំនួបនេះ អាមេរិក ក៏បានស្នើឲ្យភាគីទាំង ២ ចរចាគ្នាបញ្ចប់ជម្លោះដោយសន្តិវិធី ជៀសវាងបញ្ហាកាន់តែរីកធំ៕


ដោយ៖ ពេជ្រ