រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រស់ សីលវ៉ា និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានថ្លែងបញ្ជាក់ថា ទោះបីស្ថានភាពនៃការងើបឡើងសេដ្ឋកិច្ចក្នុងស្រុកស្ថិតក្នុងចលនាវិជ្ជមានតែលំបាក ខណៈដែលបរិបទសកលលោកនៅតែបន្តមានភាពមិនប្រាកដប្រជា ដូចជា កម្មវិបាកពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន សង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ការដាក់ចេញនូវគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក និងបញ្ហាភូមិសាស្រ្តនយោបាយយ៉ាងណាក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានភាពធនដោយរក្សាបាននូវកំណើនជាមធ្យមជាង២០% ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយដោយបុព្វលាភធានារ៉ាប់រងដុលកើនដល់ប្រមាណ៣៥៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះយើងសង្កេតឃើញថា សេវាធានារ៉ាប់រងដែលពេលមុនមិនមានការទទួលស្គាល់ និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឥឡូវនេះប្រជាពលរដ្ឋបានចាប់ផ្តើមជ្រួតជ្រាប និងយល់ដឹងជាបណ្តើរៗ អំពីអត្ថ-ប្រយោជន៍នៃការធានារ៉ាប់រងដែលផ្តល់នូវការការពារបន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើងដល់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។
យ៉ាងណាក៏ដោយលោកអះអាងថា លទ្ធផលទាំងនេះ កើតចេញពីកិច្ចខិត្តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវភាពរឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចដែលបង្កឱ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញសេវាធានារ៉ាប់រង(Affordability) និងម៉្យាងទៀត កើតចេញពីការពុះពារជំនះឧបសគ្គរបស់និយ័តករធានារ៉ាប់រងកម្ពុជានិងប្រតិបត្តិករធានារ៉ាប់រងទាំងអស់ក្នុងការជំរុញការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយនៅតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ក៏ដូចជាឆន្ទះខ្ពស់របស់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការបង្កើត និងពង្រីកនូវផលិតផលធានារ៉ាប់រងថ្មីតាមតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ និងតាមទាន់ការវិវត្តនៃទីផ្សារធានារ៉ាប់រងក្នុងតំបន់ និងក្នុងសកលលោក។

លោករដ្ឋលេខាធិការបានលើកទ្បើងទៀតថា ទោះជាទីផ្សារធានារ៉ាប់រងកម្ពុជា មានការរីកចម្រើនគួឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ប្រសិនបើធៀបនឹងទំហំសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ គឺមានអត្រាភាគទានតែ១,១៣% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រងសម្រាប់មនុស្សម្នាក់ បានតែប្រមាណជាង២០ដុល្លាអាម៉េរិក ប៉ុណ្ណោះក្នុងឆ្នាំ២០២៤។ លើសពីនេះ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ទីផ្សារធានា-រ៉ាប់រងកម្ពុជា នៅមានទំហំតូច ដែលបង្ហាញនូវសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ ក៏ដូចជារំលេចនូវចំនុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនដែលខ្ញុំស្នើឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា គ្រឹះស្ថានធានារ៉ាប់រង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជំរុញការអនុវត្តឱ្យបានសកម្ម និងដោះស្រាយឱ្យបានឆាប់។

លោក រស់ សីលវ៉ា ក៏បានផ្តល់ជាអនុសាសន៍មួយចំនួនផងដែរដល់និយ័តករធានារ៉ាប់រងកម្ពុជា គ្រឹះស្ថានធានារ៉ាប់រង និងស្ថាប័នពាក់ព័ន្ធទាំងអស់បន្តសហការជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ដែលរួមមាន៖
ត្រូវជំរុញការរៀបចំ និងអនុវត្តផែនការសកម្មភាពពាក់ព័ន្ធទាំងឡាយរបស់រាជរដ្ឋាភិបាល ទាំងក្នុងក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ជាពិសេស “ផែនការយុទ្ធអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា២០២១-២០៣០” ដែលនឹងត្រូវធ្វើបច្ចុប្បន្នកម្មក្នុងឆ្នាំនេះទៅជា “ផែនការយុទ្ធអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០”។ ត្រូវបង្កើនសមត្ថភាពត្រួតពិនិត្យគ្រឹះស្ថានធានារ៉ាប់រងលើស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការទីផ្សារដោយប្រើបា្រស់វិធីសាស្ត្រតាមនិយាមអន្តរជាតិ ដើម្បីធានាបាននូវភាពរឹងមាំ និងអនុលោមភាពរបស់ក្រុមហ៊ុនទៅនឹងច្បាប់ស្តីពីការធានារ៉ាប់រង និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ជំរុញការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង តាមរយៈបង្កើនការផ្សព្វផ្សាយ អប់រំសា-ធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងផលិតផលធានារ៉ាប់រង តាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយទូទាំងប្រទេស។

ជាមួយនោះត្រូវយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង តាមរយៈពង្រឹងការអនុវត្តបទប្បញ្ញត្តិស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង និង បន្តជំរុញយន្តការផ្សះផ្សាវិវាទធានារ៉ាប់រង ដើម្បីកសាងបាននូវទំនុកចិត្តរបស់សាធារណជន លើសេវាធានារ៉ាប់រង។
កសាង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈធានារ៉ាប់រងតាមរយៈជំរុញការបង្កើតវិទ្យាស្ថានធានារ៉ាប់រងកម្ពុជាអនុវត្តឱ្យបានសកម្មអំពីក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារធានារ៉ាប់រង ក្រមសីលធម៌វិជ្ជាជីវៈជើងសារធានារ៉ាប់រង និងបង្កើនគុណភាពសេវាដោះស្រាយសំណងជូនអតិថិជន ឱ្យបានងាយស្រួល និងឆាប់រហ័ស ។
បន្ថែមលើនេះត្រូវជំរុញការបង្កើតផលិតផលធានារ៉ាប់រងថ្មីតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដូចជាផលិតផលធានារ៉ាប់រងអាជីវកម្មខ្នាតតូចនិងមធ្យម ផលិតផលធានារ៉ាប់រងកសិកម្ម និងផលិតផលធានារ៉ាប់រងគ្រោះមហន្តរាយ ជាដើម។

ជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដែលបានកំណត់ដោយច្បាប់ស្តីពីការធានារ៉ាប់រង រួមមានការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តប្រកបអាជីវកម្ម ការធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរនិងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។ លើសពីនេះ ត្រូវពន្លឿនការរៀបចំដាក់ឱ្យអនុវត្តការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តគ្រួសារជាកាតព្វកិច្ច។
ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) ដើម្បីពង្រីកបរិយាបន្នធានារ៉ាប់រង(Inclusive Insurance) ឱ្យកាន់តែទូលំទូលាយស្របតាម “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” និង “គោលនយោបាយរដ្ឋាភិបាល ឌីជីថល ២០២២-២០៣៥” រួមមានការលក់ផលិតផលធានារ៉ាប់រង និងដោះស្រាយសំណងធានារ៉ាប់រងតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គណនាអត្រាបុព្វលាភ និងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ផ្តល់ព័ត៌មានផ្សេងៗអំពីធានា-រ៉ាប់រង តាមរយៈកម្មវិធីទូរស័ព្ទដៃ (Apps), Platform ដែលជា Website របស់ក្រុមហ៊ុនធានារ៉ាប់រងផ្ទាល់ ឬរបស់អន្តរការីធានារ៉ាប់រង ឬតាម Platform Provider និងតាមប្រព័ន្ធទូរគមនាគមន៍ជាដើម។
សូមជម្រាបថា និយ័តករធានារ៉ាប់រងកម្ពុជា បានសហការរៀបចំ “វេទិកាធានារ៉ាប់រងកម្ពុជា ២០២៥” កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារសម្តេចក្រទ្បាហោម ស ខេង ខេត្តបាត់ដំបង សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយសេវ៉ាធានារ៉ាប់រងជូនសាធារណជន៕

