ប្រទេសចិន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបេសកកម្មថ្មីទៅកាន់ទីអវកាស នៅសប្តាហ៍នេះ ខណដែលទីក្រុងប៉េកាំង បានបោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការដាក់អវកាសយានិក នៅលើឋានព្រះច័ន្ទ។

បេសកកម្មយានអវកាស Shenzhou-20 នឹងផ្ទុះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន ដោយដឹកអវកាសយានិក ៣ នាក់ ទៅកាន់ស្ថានីយអវកាស Tiangong ដែលសាងសង់ រយៈពេលប្រហែល ៦ ខែ។
ក្រុមការងារនឹងធ្វើការពិសោធន៍ ដើម្បីបន្ថែមការអភិវឌ្ឍន៍កម្មវិធីអវកាស ក្នុងគោលបំណងដាក់អវកាសយានិកនៅលើឋានព្រះច័ន្ទនៅឆ្នាំ ២០៣០ ។
ទន្ទឹមនោះ ទីភ្នាក់ងារអវកាសរបស់ប្រទេសចិន បានឲ្យដឹង កាលពីសប្តាហ៍មុនថា យានអវកាស Shenzhou និងរ៉ុក្កែតដឹកជញ្ជូន Long March-2F នឹងត្រូវផ្ទេរទៅកាន់កន្លែងបាញ់បង្ហោះនៅឯមូលដ្ឋានវាលខ្សាច់ដាច់ស្រយាល ហើយនឹងបាញ់បង្ហោះនៅពេលវេលាសមស្របមួយនាពេលអនាគតដ៏ខ្លី ។
យោងតាម ទីភ្នាក់ងារអវកាសចិន (CMSA) បានបញ្ជាក់ថា បច្ចុប្បន្ននេះ សម្ភារៈបរិក្ខារនៃយានក្នុងលំហ គឺមានស្ថានភាពល្អ។ ការត្រួតពិនិត្យមុខងារ និងការធ្វើតេស្តរួមគ្នានឹងត្រូវបានអនុវត្តតាមការគ្រោងទុក។
ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់អវកាសយានិក Shenzhou-20 ឬការងារដែលពួកគេនឹងអនុវត្តនោះទេ៕

ដោយ៖ ពេជ្រ