​អ៊ុយក្រែន ​ថាមិនដឹងអាមេរិក ​ទទួល​ស្គាល់​គ្រីមេ​ជា​​របស់​រុស្ស៊ី ពេលណា​ទេ

លោក Sergey Leshchenko ទីប្រឹក្សាប្រធានការិយាល័យរបស់លោក Vladimir Zelensky បាននិយាយថា គណៈប្រតិភូអ៊ុយក្រែនសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិកមិនបានពិភាក្សាអំពីជម្រើសក្នុងការទទួលស្គាល់តំបន់គ្រីមេ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយក៏មិនយល់ព្រមដើម្បីធ្វើដូច្នេះដែរ។

 លោក Leshchenko បានប្រាប់ឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានផ្សព្វផ្សាយរបាយការណ៍ដែលថាសហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចដើម្បីទទួលស្គាល់គ្រីមេ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី ។ 

ទន្ទឹមនោះ មន្ត្រីរូបនេះ បានបន្ថែមថា យើងមិនមានសេចក្តីថ្លែងការណ៍ផ្លូវការពីអ្នកចរចាណាមួយ ហើយក៏មិនមានក្រុមចរចារបស់អ៊ុយក្រែន ដែលយល់ព្រមដែរ។ អ្នកចរចាទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំបែបនេះ បញ្ជាក់ថាបញ្ហាបូរណភាពទឹកដីរបស់អ៊ុយក្រែន មិនស្ថិតក្រោមការពិភាក្សាទេ។

 យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា សំណើរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែន ជាពិសេសរួមមានការទទួលស្គាល់របស់ទីក្រុងវ៉ាស៊ីនតោនអំពីគ្រីមៀជាផ្នែកមួយនៃប្រទេសរុស្ស៊ី ការទទួលយកយ៉ាងច្បាស់លាស់នៃការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ថ្មីរបស់ខ្លួន និងការដកបញ្ហានៃការចូលជាសមាជិកណាតូរបស់អ៊ុយក្រែនចេញពីរបៀបវារៈ។

 ដោយឡែក សមាជិកសភាអ៊ុយក្រែន លោក Alexey Goncharenko ក៏បានលើកឡើងថា ក្រុងគៀវ មិនបានទទួលការទំនាក់ទំនងណាមួយពីទីក្រុងវ៉ាស៊ីនតោន អំពីការទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើតំបន់គ្រីមេ នោះទេ។ 

ចំពោះ​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន លោក Goncharenko បាន​សង្កត់​ធ្ងន់​ថា ក្រុង​គៀវ នៅ​តែ​រក្សា​សិទ្ធិ​ក្នុង​ការ​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​យោធា​ណា​មួយដដែល។

គួរបញ្ជាក់ថា កាលពី ១១ ឆ្នាំមុន សាធារណរដ្ឋគ្រីមេ និងទីក្រុងសេវ៉ាស្តូប៉ូល បានរួបរួមគ្នាឡើងវិញជាមួយរុស្ស៊ី ដោយផ្អែកលើលទ្ធផលនៃប្រជាមតិដែលធ្វើឡើង នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារនៅអ៊ុយក្រែន។ អ្នកបោះឆ្នោតភាគច្រើនបានគាំទ្រគំនិតបង្រួបបង្រួម (៩៦.៧ ភាគរយ នៅគ្រីមេ និង ៩៥.៦ ភាគរយ នៅ Sevastopol) ដោយចំនួនអ្នកទៅបោះឆ្នោតកើនឡើងដល់ ៨០ ភាគរយ។ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៤ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំនៃគ្រីមេ និង Sevastopol បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីសមាហរណកម្មតំបន់ទាំង ២ ចូលទៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានផ្តល់សច្ចាប័នដោយសភាសហព័ន្ធ (សភា) នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៤ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment