​កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ

បើតាមក្រសួងការពារជាតិកម្ពុជា  ពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក Cao QingFeng នាយរងសេនាធិការចម្រុះ គណៈកម្មការយោធាមជ្ឈឹម។

ក្រសួងថា មជ្ឈមណ្ឌលដែលត្រូវបានសម្ពោធ    សាងសង់ឡើង ដើម្បីធានាការងារពង្រឹង សមត្ថភាព និងការហ្វឹកហ្វឺនរួមគ្នា កងទ័ពកម្ពុជា-ចិន ។ កងទ័ពទាំងពីរមានលទ្ធភាពសហការគ្នាលើការប្រឆាំងភេរវកម្មក្នុងតំបន់ ការពារ និងទប់ស្កាត់គ្រោះមហន្តរាយ ការសង្គ្រោះមនុស្សធម៌ និងលំហាត់សមយុទ្ធ ជាដើម។ ភាគីទាំងពីរធានាឲ្យដំណើរនៃមជ្ឈមណ្ឌលនេះ ប្រកបទៅបាន ដោយភាពរលូន។ ការសាងសង់ និងដំណើរការប្រើប្រាស់របស់មជ្ឈមណ្ឌល ជាសមិទ្ធផលដែលកើតចេញមកពីការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមច្បាប់ប្រទេសទាំងពីរ ពុំមានការគំរាមកំហែងដល់អ្នកដទៃ ឬ ភាគីណាមួយឡើយ។ មជ្ឈមណ្ឌលនេះមានគុណសម្បត្តិ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ ថែមមួយកម្រិតទៀត ដើម្បីអនុវត្តកាតព្វកិច្ចអន្តរជាតិ ឲ្យកាន់តែប្រសើរឡើង និងផ្តល់សមិទ្ធផលសន្តិសុខសកល។

«កិច្ចសហប្រតិបត្តិការយោធា រវាងចិននិងកម្ពុជា គឺជាសសរស្តម្ភដ៏រឹងមាំ នៃចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ចាប់តាំងពីបណ្តុះបណ្តាលធនធានមនុស្ស ដល់សមយុទ្ធយោធារួមគ្នា, ចាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់កិច្ចសហប្រតិបត្តិការផ្នែកបរិក្ខារនិងបច្ចេកវិទ្យា កងទ័ពចិនតែងតែរួមកម្លាំងគ្នា ក្នុងការគាំទ្រវិស័យការពារជាតិ និងសំណង់យោធាដល់កម្ពុជា» នេះបើតាមប្រសាសន៍ លើកឡើងរបស់ នាយរងសេនាធិការចម្រុះ នៃគណៈកម្មការយោធាមជ្ឈឹម ដកស្រង់ដោយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

ឯកឧត្តម Wang Wenbin ក៏បានអបអរសាទរ សមយុទ្ធ «នាគមាស ២០២៥» ត្រូវបានចាប់ផ្ដើមដំណើរការយ៉ាងជោគជ័យ នៅមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាចិន-កម្ពុជា ផែរាម ផងដែរ។

ជុំវិញការធ្វើសមយុទ្ធយោធា ជាទៀងទាត់ រវាងកម្ពុជានិងចិន អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានប្រាប់ថា «សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ យើងឃើញថា កាន់តែមានល្អប្រសើរ ជាលំដាប់ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្នា ទៅវិញទៅមក ដើម្បីរក្សាប្រពៃណីមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។ ជាក់ស្តែង ការធ្វើសមយុទ្ធនាគមាស គឺពិតជាមានសារៈសំខាន់ក្នុងការធ្វើឲ្យ ខ.ភ.ម. មានជំនាញច្បាស់លាស់ និងមានមូលដ្ឋានសំខាន់ ក្នុងការពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ប្រទេសកម្ពុជា»។

លោកបណ្ឌិត បន្តថា «ខ្ញុំមានជំនឿថា ជាអ្នកដឹកនាំបន្តវេននៃកងទ័ពយើងទាំងពីរ កម្ពុជា ចិន នឹងបន្តដឹកនាំ រឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកាន់តែស្អិតរមួតដើម្បពង្រឹងខឿនការពារជាតិកម្ពុជាយើង»៕

Written by 

Related posts

Leave a Comment