រដ្ឋមន្ត្រីក្រសួងវប្បធម៌ រួមជាមួយអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចូលរួមក្នុងពិធីសម្ភោធបើកសប្តាហ៍ភាពយន្តនៅកម្ពុជា

នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមជាមួយឯកឧត្ដម Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធបើកសប្តាហ៍ភាពយន្តចិននៅព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុម្មុខ។

       សូមជម្រាបថា សប្ដាហ៍ភាពយន្តចិននៅកម្ពុជា សហការរៀបចំដោយ រដ្ឋបាលភាពយន្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី និងបណ្ណសាភាពយន្តចិន ។

លោកជំទាវ ភឿង សកុណាបានថ្លែងថា កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់ផ្ដើមរាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួនផងដែរ។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានឈានដល់កម្រិតដ៏សំខាន់មួយគឺ“សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន” ។ បន្ថែមលើនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដពង្រឹងនិងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះវិស័យវប្បធម៌ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

   គួរបញ្ជាក់ជូនថា ព្រឹត្តិការណ៍សប្ដាហ៍ភាពយន្តចិននៅកម្ពុជា នឹងប្រារព្វរយៈពេល៥ថ្ងៃ ដោយមានការចាក់បញ្ចាំងភាពយន្តល្បីៗ ចំនួន៥ ចំណងជើង នៅរោងភាពយន្តឡេជេន អូឡាំព្យាម៉ល ជូនទស្សនិកជនទស្សនាដោយសេរី៕

Written by 

Related posts

Leave a Comment