រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាស នៅថ្ងៃព្រហស្បតិ៍នេះពីការដោះលែងអ្នកទោសជិត ៥.០០០ នាក់ នៅក្នុងការលើកលែងទោស ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។

ក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា របបយោធាចាប់ខ្លួនបាតុករ និងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ និងបានទម្លាក់ប្រទេសជាតិចូលទៅក្នុងសង្រ្គាមស៊ីវិលពហុភាគី។
ការលើកលែងទោសនេះ ត្រូវបានប្រកាសជាទៀងទាត់ដើម្បីរំលឹកដល់ថ្ងៃបុណ្យជាតិ ឬពិធីបុណ្យព្រះពុទ្ធសាសនា ប៉ុន្តែអ្នកទោសនយោបាយកម្រិតខ្ពស់ភាគច្រើន រួមទាំងមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី នៅតែបន្តឃុំខ្លួន។
ទន្ទឹមនោះ សេចក្តីថ្លែងការណ៍របស់របបយោធា បានលើកឡើងថា អ្នកទោសចំនួន ៤,៨៩៣ នាក់ នឹងត្រូវបានលើកលែងទោសឱ្យចូលរួមក្នុងដំណើរការកសាងរដ្ឋ ដើម្បីសន្តិភាពនៃចិត្តរបស់ប្រជាជន និងដោយហេតុផលមេត្តាករុណា ដោយបន្ថែមថា ដើម្បីបង្ហាញពីសេចក្តីសប្បុរសរបស់រដ្ឋ របបយោធា អះអាងថា អ្នកទោសផ្សេងទៀតនឹងត្រូវបន្ធូរបន្ថយទោសមួយភាគប្រាំមួយ លើកលែងតែអ្នកដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
បទល្មើស រួមមានការបង្កើតសមាគម និងអំពើភេរវកម្មដោយខុសច្បាប់ ព្រមទាំងឃាតកម្ម ក៏ដូចជាការរំលោភសេពសន្ថវៈ។
គួរបញ្ជាក់ថា ការលើកលែងទោសនេះ គឺក្នុងអំឡុងថ្ងៃប្រារព្ធពិធីបុណ្យជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងជាទៀងទាត់៕

ដោយ៖ ពេជ្រ