ការធ្វើទំនើបកម្មគឺជាការស្វែងរករួមរបស់ពិភពលោកទាំងមូល។ តើ”ប្រជាជនចំនួនជាង ១៥០០ លាននាក់រួមគ្នាឆ្ពោះទៅរកការធ្វើទំនើបកម្ម”មានអត្ថន័យអ្វីចំពោះពិភពលោក ? ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិននៅប្រទេសវៀតណាមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ ភាគីទាំងពីរបានដាក់ចេញផែនការគោលថ្មីសម្រាប់កសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមក្នុងយុគសម័យថ្មី ។
ឆ្នាំនេះគឺជាខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមនិងជា”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-វៀតណាម” ។ ដំណើរទស្សនកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធារដ្ឋចិន Xi Jinping នៅឆ្នាំនេះ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីកិច្ចប្រជុំអំពីការងារជាមួយប្រទេសជិតខាងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើផងដែរ ដែលបានបង្ហាញយ៉ាងពេញលេញពីការយកចិត្តទុកដាក់ខ្ពស់របស់មជ្ឈិមបក្សកុម្មុយនីស្តចិនចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាម ។
នៅឆ្នាំ២០២៣ ភាគីទាំងពីរ ចិននិងវៀតណាមបានរួមគ្នាប្រកាសពីការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលមានអត្ថន័យជាយុទ្ធសាស្ត្រដើម្បីដឹកនាំទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរនៃប្រទេសចិននិងវៀតណាមឱ្យឈានចូលដំណាក់កាលថ្មី ។ ជាង ១ ឆ្នាំកន្លងផុតទៅហើយ ប្រទេសចិននិងវៀតណាមកំពុងប្រឈមមុខនឹងស្ថានការណ៍ថ្មីនិងភារកិច្ចអភិវឌ្ឍន៍ថ្មី ។ មួយផ្នែក ឆ្នាំនេះគឺជាឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ របស់ប្រទេសចិន ហើយក៏ជាឆ្នាំគន្លឹះសម្រាប់ការត្រៀមលក្ខណៈសម្រាប់រៀបចំសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី ១៤ ផងដែរ ហើយភាគីទាំងពីរមានកម្លាំងចលករផ្ទៃក្នុងដ៏ខ្លាំងក្លាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ។ មួយផ្នែកទៀត ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានកើតមានជាបន្តបន្ទាប់ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ ។ នាពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រើប្រាស់ពន្ធគយយ៉ាងអនាធិបតេយ្យចំពោះបណ្តាប្រទេសនានាលើទូទាំងពិភពលោកនិងធ្វើអនុត្តរភាពដោយឯកតោភាគីដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ។ ប្រទេសចិននិងវៀតណាមបានរួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមិនត្រឹមតែបានគាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចផងដែរ ។
ក្នុងបរិបទបែបនេះ “ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចកសាងសហគមន៍រួមវាសនាចិន-វៀតណាម” វាពិតជាធ្វើស្របតាមឆន្ទៈរបស់ប្រជាជននិងចំពេលល្អណាស់ ។ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តរៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងវិធានការ ៦ ចំណុច ។ វិធានការទាំង ៦ ចំណុចនេះបានគ្រោងផែនការគោលថ្មីសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ក៏ដូចជាបានតម្រង់ទិសដៅសម្រាប់ឱ្យ”ប្រជាជនចំនួនជាង ១៥០០ លាននាក់រួមគ្នាឆ្ពោះទៅរកការធ្វើទំនើបកម្ម” ។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាប្រភពនៃកម្លាំងចលករសម្រាប់ការជំរុញទំនាក់ទំនងរវាងចិននិងវៀតណាម ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាង ២០ ឆ្នាំជាប់ៗគ្នា ចំណែកឯវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងចំណោមប្រទេសអាស៊ាន ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោក Xi Jinping រួមជាមួយលោក Tô Lâm អញ្ជើញចូលរួមពិធីចាប់ដំណើរការយន្តការសហប្រតិបត្តិការផ្លូវដែកចិន-វៀតណាម ។ លើសពីនេះទៅទៀត ចិននិងវៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៤៥ ច្បាប់ផងដែរ ។ ទីភ្នាកងារសារព័ត៌មានរ៉យទ័រសម្គាល់ឃើញថា ដំណើរទស្សនកិច្ចលើកនេះនឹងជំរុញឱ្យចិននិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។
ឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្រ្ត ការជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំនឹងធ្វើឱ្យប្រជាជនចំនួនជាង ១៥០០ លាននាក់រួមគ្នាចែករំលែកនូវសមិទ្ធផលនៃការធ្វើទំនើបកម្ម ហើយក៏នឹងនាំមកនូវស្ថិរភាពនិងភាពប្រាកដប្រជាដ៏មានតម្លៃជូនដល់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំងផងដែរ ៕

