ប៉ុន្មានថ្ងៃខាងមុខនេះ នាវាដឹកជញ្ជូនរថយន្តឈ្មោះ “Shenzhen” ដែលមានចំណុះដាក់លើកទំនិញធំបំផុតលើទូទាំងពិភពលោកនឹងដាក់ឱ្យធ្វើនាវាចរណ៍ជាលើកដំបូងពីខេត្ត Jiangsu ប្រទេសចិន ។ ទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទីមួយឆ្នាំនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានដឹកជញ្ជូនរថយន្តថាមពលថ្មីជាង២៥,០០០ គ្រឿងទៅកាន់ក្រៅប្រទេសដែលបានកើនឡើង១១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ផលិតផលថាមពលថ្មីរបស់ចិនបាននាំចេញទៅកាន់បរទេសវាមិនត្រឹមតែនាំមកនូវគំនិតថ្មីនិង”ភាពបៃតង”ទៅកាន់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេសរបស់ចិនផងដែរ ។ តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលចិននាពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យឃើញថា ក្នុងត្រីមាសទីមួយ ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនមានចំនួន ១០,៣ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង១,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ការនាំចេញបានកើនឡើង៦,៩ ភាគរយដែលសម្រេចបាននូវការចាប់ផ្តើមប្រកបដោយភាពនឹងនរជាទូទៅ ។ ប្រឈមមុខនឹងបញ្ហាប្រឈមខាងក្រៅ ដូចជាបន្តុករបាំងពន្ធគយជាដើម តើភាពធន់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមកពីណា ? លោក Wang Xiaosong សាស្ត្រាចារ្យនៃសកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា នេះគឺដោយមកពីសេដ្ឋកិច្ចចិនមានសភាពការណ៍ល្អប្រសើរជាទូទៅ មានទីផ្សារធំធេងនិងមានសក្ដានុពលខ្លាំង ជាពិសេសគឺ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ដ៏ខ្លាំងក្លា ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមកពីគាំពារនិយមខាងពាណិជ្ជកម្មមានសភាពកាន់តែធ្ងន់ធ្ងរ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយកើតមានជាបន្តបន្ទាប់ បានជាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងរងការគំរាមកំហែង ។ ដោយឡែកប្រទេសចិនកំពុងបង្កើតទីផ្សារមានពិពិធកម្មយ៉ាងសកម្ម វាមិនត្រឹមតែបានបំពេញបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍនៃដៃគូពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានពង្រឹងសមត្ថភាពទប់ទល់នឹងហានិភ័យរបស់ខ្លួនទៀតផង ។ ក្នុងត្រីមាសទីមួយឆ្នាំនេះ អាស៊ានបានបន្តកាន់ឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិន ក្នុងនោះ ការនាំចេញនាំចូលបានកើនឡើង ៧,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលអនុបាតនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ដល់ ១៦,៦ ភាគរយ ។ ព្រមពេលជាមួយគ្នានេះ ការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយសហភាពអឺរ៉ុបបានកើនឡើង ១,៤ ភាគរយ ។ លើសពីនេះទៅទៀត ការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយប្រទេសដែលចូលរួមក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានកើនឡើង ២,២ ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ហើយអុនបាតនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនមានដល់ទៅ ៥១,១ ភាគរយ ។ ទោះបីជារងការរំខាននិងការវាយប្រហារពីការប្រើប្រាស់ពន្ធគយយ៉ាងអនាធិបតេយ្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាមេរិកនៅតែរក្សាកំណើនចំនួន ៤ ភាគរយក្នុងត្រីមាសទីមួយឆ្នាំនេះដដែល ។ គួរបញ្ជាក់ថា សហគ្រាសទុនបរទេសបានដើរតួនាទីកាន់តែសំខាន់ក្នុងពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។ ទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទីមួយឆ្នាំនេះ សហគ្រាសទុនបរទេសដែលទទួលបានសមិទ្ធផលជាក់ស្តែងខាងការនាំចេញនាំចូលមានចំនួនលើសពី ៦ ម៉ឺន ៧ ពាន់សហគ្រាសដែលបានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលជិតបីឆ្នាំកន្លងមក ។ ទំហំនាំចេញនាំចូលរបស់សហគ្រាសទុនបរទេសមានចំនួន ២,៩៩ ទ្រីលានយាន់ប្រាក់ចិនដែលសម្រេចបាននូវកំណើនក្នុងរយៈពេល ៤ ត្រីមាសជាប់ៗគ្នា ។ ចាប់ពីខែមេសាមក សហរដ្ឋអាមេរិកបានដំឡើងអ្វីដែលហៅថា “ពន្ធគយបដិការ”ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ដែលបង្កជាផលប៉ះពាល់កាន់តែខ្លាំងចំពោះពាណិជ្ជកម្មសកល ។ ប្រឈមមុខនឹង”ព្យុះពន្ធគយ”លើកនេះ មួយផ្នែក ប្រទេសចិនបានលើកឡើងពីការពន្លឿនការធ្វើសមាហរណកម្មពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស មួយផ្នែកទៀត ចិនបានពង្រីកការបើកទូលាយយ៉ាងមុតមាំមិនងាករេ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៥ និងពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )លើកទី ១៣៧ បានប្រារព្ធធ្វើជាបន្តបន្ទាប់ ហើយទ្រង់ទ្រាយនៃការចូលរួមការតាំងពិព័រណ៍សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី ។ ហេតុនេះហើយបានជា ពិភពលោកអាចឃើញច្បាស់ថែមមួយកម្រិតទៀតថា ការពារនិយមគ្មានច្រកចេញទេ មានតែកិច្ចសហប្រតិបត្តិការនិងការបើកទូលាយទើបអាចទទួលបានជ័យជម្នះនៅពេលអនាគត ៕

