ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន និងសហភាពអឺរ៉ុប នឹងផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍របស់ក្រសួងចិន បានលើកឡើងថា នៅក្នុងការហៅតាមវីដេអូកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានពិភាក្សាជាមួយស្នងការសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ចអឺរ៉ុប លោក Maros Sefcovic អំពីការចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាស្តីពីការផ្តល់ជំនួយសង្គ្រោះពាណិជ្ជកម្ម និងដើម្បីអនុវត្តការចរចាភ្លាមៗលើការប្តេជ្ញាចិត្តតម្លៃរថយន្តអគ្គិសនី។
ការពិភាក្សានេះ បានកើតឡើង បន្ទាប់ពីពន្ធបន្ថែមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសចិន ចាប់ផ្តើមចូលជាធរមាន។
ដោយឡែក លោក Trump បាននិយាយ កាលពីថ្ងៃពុធថា លោក នឹងផ្អាកជាបណ្តោះអាសន្នសិននូវកាតព្វកិច្ចពន្ធដ៏ធ្ងន់ដែលលោក ទើបតែដាក់លើប្រទេសរាប់សិប ដោយបន្ថែមថា លោក ត្រូវបង្កើនសម្ពាធលើប្រទេសចិន ដោយគំរាមដំឡើងពន្ធលើសេដ្ឋកិច្ចដល់ ១២៥ ភាគរយ។
ទោះជាយ៉ាងណា លោក Wang ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសចិន រួចជាស្រេច ដើម្បីធ្វើឱ្យស៊ីជម្រៅពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាមួយសហភាពអឺរ៉ុប។
ជាមួយគ្នានោះ លោក Wang បានជំរុញប្រទេសចិន និងសហភាពអឺរ៉ុប ឱ្យរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានមូលដ្ឋានលើច្បាប់ ហើយប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម ដែលនឹងចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក និងពាណិជ្ជកម្មពិភពលោក ផងដែរ៕

ដោយ៖ ពេជ្រ