ការធ្វើអនុត្តរភាពរបស់សហរដ្ឋអាមេរិកតាមរយៈការដំឡើងពន្ធគយ បានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា និងមានវិធានការតបតយ៉ាងម៉ឺងម៉ាត់ពីប្រទេសជាច្រើន។ ឯកសារស្តីពីគោលជំហររបស់ចិនដែលប្រឆាំងនឹងវិធានការដំឡើងពន្ធគយខុសទំនងរបស់អាមេរិកទទួលបានការឆ្លើយតបជាវិជ្ជមានពីសំណាក់សហគមន៍អន្តរជាតិ។ ការស្ទង់មតិដែលបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចេញផ្សាយទៅកាន់អ្នកប្រើអ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការដើម្បីប្រឆាំងនឹង “អនុត្តរភាពបែបអាមេរិក”ជាមួយគ្នា និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន ក៏ដូចជាសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៩%បានយល់ឃើញថា វិធានការតបតរបស់ប្រទេសនានាដើម្បីប្រឆាំងនឹងការធ្វើអនុត្តរភាពតាមរយៈការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពស្របច្បាប់ដើម្បីការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,២%បានអំពាវនាវឱ្យប្រទេសកាន់តែច្រើនទៀតប្រកាន់ជំហរនិងមានចំណាត់ការយ៉ាងសកម្មចំពោះបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២,២ % រំពឹងថាអង្គការពាណិជ្ជកម្មពិភពលោកនឹងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសដ៏ច្រើន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៩,៦% គាំទ្រឱ្យប្រទេសនានាដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នមជ្ឈត្តការរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីប្រឆាំងនឹងវិធានការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
សូមបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើអ៊ីនធឺណិតនៅក្រៅប្រទេសសរុប ៥១៧៧ នាក់បានចូលរួមក្នុងការស្ទង់មតិនេះ ដើម្បីបង្ហាញពីមតិយោបល់របស់ខ្លួន៕
