ប្រធាន FIFA លោក Gianni Infantino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា រុស្ស៊ីអាចចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឡើងវិញក្នុងពេលឆាប់ៗនេះ ព្រោះលោកបានមើលឃើញថាសង្រ្គាមនៅអ៊ុយក្រែនជិតដល់ពេល បញ្ចប់ដូចគ្នា។
ក្លិប និងក្រុមកីឡាបាល់ទាត់ជម្រើសជាតិរុស្ស៊ី ត្រូវបាន FIFA និង UEFA ផ្អាករាល់ការប្រកួតក្រោមការរៀបចំរបស់ខ្លួនទាំងអស់ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រហូតបច្ចុប្បន្ន។
លោក Infantino បាននិយាយនៅឯសមាជ UEFA លើកទី ៤៩ នៅទីក្រុង Belgrade ថា «នៅពេលដែលកិច្ចពិភាក្សាកំពុងបន្តដើម្បីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ខ្ញុំសង្ឃឹមថាយើងនឹងអាចនាំយកក្រុមបាល់ទាត់រុស្ស៊ីត្រឡប់ចូលព្រឹត្តិការណ៍កម្រិតអន្តរជាតិឡើងវិញ។ បាល់ទាត់ជាការបង្រួបបង្រួម មិនមែនជាការបែងចែកអ្វីនោះទេ»៕
