សារព័ត៌មាន KABC-TV បានរាយការណ៍ថាសមាជិកម្នាក់នៃរាជវង្សធនាគារ Rothschild ត្រូវបានគេជឿថាបានស្លាប់នៅក្នុងភ្លើងឆេះផ្ទះនៅ Los Angeles ខណដែលអគ្គីភ័យបានឆាបឆេះផ្ទះមួយកន្លែងនៅ Lookout Mountain Avenue ក្នុងតំបន់ភ្នំ Hollywood Hills កាលពីថ្ងៃពុធ ដោយអ្នកពន្លត់អគ្គីភ័យចំនួន ៤៥ នាក់ និងប្រើពេលជាងកន្លះម៉ោងទើបអាចពន្លត់អណ្តាតភ្លើងបាន។
យោងតាមសារព័ត៌មាន KABC-TV ដែលជាអ្នកផ្សាយព័ត៌មានរបស់ទូរទស្សន៍ ABC នៅ West Coast បានឱ្យដឹងថា សាកសពបុរសម្នាក់ក្រោយមកត្រូវបានគេរកឃើញនៅខាងក្នុងផ្ទះដែលឆេះយ៉ាងសន្ធោសន្ធៅនោះ។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់ប្រកាសឈ្មោះជនរងគ្រោះនៅឡើយទេ។ ប៉ុន្តែអ្នកជិតខាងដែលនិយាយជាមួយអ្នកកាសែតបានកំណត់អត្តសញ្ញាណជនរងគ្រោះនោះថាជា Will Rothschild នៃគ្រួសារ Rothschild ដែលមានទ្រព្យសម្បត្តិមហាស្តុកស្តម។
ពួកគេបានពណ៌នាពីឈ្មោះជនរងគ្រោះ Rothschild ទៅ KABC-TV ថាគាត់ជាមហាសេដ្ឋីដ៏ចម្លែកម្នាក់ ឬជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើន និងរថយន្តថ្លៃៗរាប់សិបគ្រឿង។
ប៉ុន្តែគាត់បែរជាទៅរស់នៅជាអ្នកស្រុកនៅលើភ្នំហូលីវូដ នៅក្នុងផ្ទះតូចមួយក្នុងលក្ខខណ្ឌធម្មតា។
បច្ចុប្បន្នមូលហេតុនៃការឆេះកំពុងត្រូវបានស៊ើបអង្កេត។ គេនៅមិនទាន់ដឹងច្បាស់ថា តើបុរសវ័យចំណាស់ម្នាក់នេះស្លាប់មុន ភ្លើងឆេះឬក៏ស្លាប់ដោយសារភ្លើងឆាបឆេះនោះទេ។ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ ក្រៅពីជនរងគ្រោះដែលសង្ស័យថាបានស្លាប់។
លោក Adam Knabe មេបញ្ជាការកងវរសេនាតូចនៃនាយកដ្ឋានពន្លត់អគ្គីភ័យនៃទីក្រុង Los Angeles បានថ្លែងប្រាប់ KABC-TV ថា ការខូចខាតដោយសារឆេះភ្លើង នៅមិនទាន់អាចកំណត់បាននៅទ្បើយ សូម្បីតែចំនួនមនុស្សនៅមុនភ្លើងឆេះមានប៉ុន្មាន ក្រោយភ្លើងឆេះមានប៉ុន្មានកេពិបាកក្នុងការកំណត់ដែរ។
ប៉ុន្តែអ្នកស្រុកបាននិយាយថា ពួកគេសោកស្ដាយចំពោះដំណឹងមរណភាពរបស់បុរសនេះ ដោយម្នាក់ក្នុងចំណោមពួកគេបាននិយាយថា Rothschild ជា បុរសល្អ និងជាអ្នកជិតខាងដ៏ល្អ។
គួររំលឹកថា គ្រួសារ Rothschild បានកើតចេញពី ghetto ជនជាតិជ្វីហ្វនៅទីក្រុង Frankfurt ក្នុងសតវត្សទី ១៩ ហើយបានក្លាយជារាជវង្សហិរញ្ញវត្ថុដ៏មានបំផុត និងមានឥទ្ធិពលបំផុតមួយរបស់ពិភពលោក និងជួយរៀបចំប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងនយោបាយរបស់អឺរ៉ុប និងអាមេរិក។
កាលពីខែកុម្ភៈ លោក Lord Jacob Rothschild ដែលជាអ្នកហិរញ្ញវត្ថុ និងជាមិត្តភក្ដិជនជាតិអង់គ្លេសបានទទួលមរណភាពក្នុងអាយុ ៨៧ ឆ្នាំ។ គ្រួសាររបស់ Lord Rothschild មានទ្រព្យសម្បត្តិប៉ាន់ស្មានប្រហែល ៨២៥ លានផោន (ជាង ១ ពាន់លានដុល្លារ)។ នេះបើយោងតាម 2023 Sunday Times Rich List ៕