ក្រោយផ្ទុះការរិះគន់ពីសាធារណជនលើបណ្តាញសង្គមទាក់ទងបុគ្គលឈ្មោះ ឈាវ មុន្និន ដែលមានតួនាទីជាឧត្តមសេនីយ៍ត្រីនោះ ក្រសួងការពារជាតិ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសដោយមានខ្លឹមសារថា កាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គម Tik Tok មានការបង្ហោះវីដេអូមួយចំនួនរបស់បុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងការពារជាតិ ដែលបានបង្ហោះនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។
ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្តីក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕

