ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ពាក្យស្លោក “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” នៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូប ហើយវប្បធម៌គឺជាកេរដំណែលតែមួយគត់ ដែលរក្សាអត្តសញ្ញាណជាតិបាន។

លោកអភិបាលខេត្ត បានសម្តែងការព្រួយបារម្ភថា កម្មវិធីសិក្សាមួយចំនួននៅសាលារៀន មិនបានផ្តោតសំខាន់លើការបង្រៀនអំពីវប្បធម៌ខ្មែរ ដែលនាំឱ្យយុវជនជំនាន់ក្រោយមិនសូវស្គាល់ពីវប្បធម៌របស់ខ្លួន។ លោកថា ប្រសិនបើយកក្មេងៗមកចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀត ជាការល្អ ជួនកាលនៅសាលាអត់បានបង្រៀនឬនិយាយអំពីវប្បធម៌នោះទេ និយាយឬបង្រៀនតែវិទ្យាសាស្រ្ត អក្សរសាស្រ្តធម្មតា តែវប្បធម៌ត្រូវបានបំភ្លេច ដែលនាំអោយជាតិដទៃខិតខំកែកាឡៃកែច្នៃ ចុងក្រោយបែរជាប្រទេសយើងទៅជាប្រទេសដែលចម្លងវប្បធម៌ពីគេទៅវិញ។
អភិបាលខេត្ត ក៏បានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោកបានសង្កត់ធ្ងន់ថា វប្បធម៌ខ្មែរមានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំក៏ដោយ ក៏វប្បធម៌ និងអរិយធម៌ខ្មែរនៅតែគង់វង្ស និងបន្តមកដល់កូនចៅជំនាន់ក្រោយ។ លោកញ្ជាក់ថា វប្បធម៌រំលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន ពាក្យនេះហើយជាក្តេរិ៍ដំណែលបន្តទុកពាន់ឆ្នាំ ហើយបើទោះបីជាយើងត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាង៥០០ឆ្នាំជាប់គ្នាក៏ដោយ ក៏ប៉ុន្តែប្រទេសកម្ពុជារបស់យើងនៅតែមាន ហើយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់យើងនៅតែគង់វង់ បន្តមកដល់កូនចៅជំនាន់ក្រោយៗរបស់យើង ហើយសួរថា បាត់ប្រទេសកម្ពុជាយើងទេ បាត់ប្រជាជនខ្មែរយើងទេ គឺមិនបាត់ទេ នោះដោយសារតែវប្បធម៌យើងរឹងមាំ៕





