យោធាអាមេរិក បានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើឃ្លាំង នៅក្នុងខេត្ត Saada ប្រទេសយេម៉ែន ជាកន្លែងដែលក្រុមឧទ្ទាមហ៊ូធីមកពីចលនា Ansar Allah រក្សាទុកអាវុធ។ នេះបើតាមទូរទស្សន៍ Al Arabiya TV បានរាយការណ៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា សហរដ្ឋអាមេរិក ធ្វើការវាយប្រហារតាមអាកាសជាង ១០ លើក លើទីតាំងរបស់ក្រុមហ៊ូធី នៅក្នុងខេត្ត Saada ។ ឃ្លាំងអាវុធរបស់ចលនា Ansar Allah ក៏រងការវាយប្រហារ ផងដែរ។ ខណមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរងរបួសទេ។
កាលពីថ្ងៃទី ១៥ ខែមីនា សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងរបស់ពួកហ៊ូធី ក្នុងប្រទេសយេម៉ែន តាមការបញ្ជារបស់លោកប្រធានាធិបតី Donald Trump ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បញ្ជាក់ថា គោលដៅគឺដើម្បីការពារផលប្រយោជន៍របស់អាមេរិក និងស្ដារសេរីភាពនៃការធ្វើនាវាចរណ៍។
ជាការឆ្លើយតបចលនា Ansar Allah បានវាយប្រហារ ២ ដង លើនាវាផ្ទុកយន្តហោះអាមេរិក USS Harry S. Truman នៅតំបន់ភាគខាងជើងនៃសមុទ្រក្រហម ដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក។ មិនមានរបាយការណ៍អំពីការខូចខាតនាវានោះទេ ៕

ដោយ៖ ពេជ្រ