ខេត្តរតនគិរី÷ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ឯ៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីគោយន្តកែច្នៃ១គ្រឿងបានបើកបុកម៉ូតូពីរគ្រឿងយ៉ាងពេញទំហឹងចំពីក្រោយ បណ្តាលឲ្យអ្នកគ្រូបង្រៀនសិស្សម្នាក់ស្លាប់នៅក្នុងថ្លុកឈាមនៃក្រោមគោយន្តកែច្នៃ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១៧និង៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទល់មុខការ៉ាស់សាំងឈ្មោះ អុីវ ផល្លា ស្ថិតក្នុងភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្ត លោក ម៉ៅ ភារម្យ បានឲ្យដឹងថា អ្នកបើកបរគោយន្តកែច្នៃបើកបរក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូពីរគ្រឿងដេករណូករណែលនៅក្រោមគោយន្តកែច្នៃ ដោយអ្នកបើកបរគោយន្តឃើញសភាពការណ៍មិនស្រួលក៏បានចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែគោយន្តកែច្នៃនៅកន្លែងកើតហេតុ។
លោក ម៉ៅ ភារម្យ បានបញ្ជាក់ថា ជនរងគ្រោះទាំង៦នាក់នោះរួមមាន÷ ទី១-ឈ្មោះ ម៉េត ដាណេ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាគ្រូបង្រៀន ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1G-6023 មិនបានពាក់មួកសុវត្ថិភាព។

អ្នករួមដំណើរពីរនាក់ទី២-ឈ្មោះ ផលសម្បត្តិ ម៉េងហេង ភេទប្រុស អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ,ឃុំជាមួយគ្នា មិនបានពាក់មួកសុវត្តិភាព រងរបួសស្រាល។
ទី៣-ឈ្មោះ ធឿន សុវណ្ណនីការ ភេទស្រី អាយុ០៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ,ឃុំជាមួយគ្នា មិនបានពាក់មួកសុវត្តិភាព រងរបួសធ្ងន់។
ចំណែកម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាទ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-8433 អ្នកបើកបរម៉ូតូទី៤-ឈ្មោះ ភៀង ដានី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មុខរបរសិស្ស មិនបានពាក់មួកសុវត្តិភាព រងរបួសធ្ងន់។
អ្នករួមដំណើរទី៥-ឈ្មោះ ឈុំ ឆៃយ៉ា ភេទស្រី អាយុ០៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ,ឃុំជាមួយគ្នា មិនបានពាក់មួកសុវត្តិភាព រងរបួសធ្ងន់។និងអ្នករួមដំណើរទី៦-ឈ្មោះ ឈុំ សុខហេង ភេទប្រុស អាយុ០៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ,ឃុំជាមួយគ្នា មិនបានពាក់មួកសុវត្តិភាព រងរបួសធ្ងន់។

លោកថា មូលហេតុដោយគោយន្តកែច្នៃ គ្មានបំពាក់ស្លាកលេខ ឬខ្វះលក្ខណៈបច្ចេកទេសគ្រប់គ្រាន់បើកបរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលចង្កូតបុករះម៉ូតូចំនួនពីរគ្រឿងពីក្រោយដែលកំពុងធ្វើដំណើរស្របទិសគ្នានៅពីមុខគោយន្ត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់និងស្រាល។បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ និងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការនគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

