មន្ត្រីអាកាសយានដ្ឋាន បានឲ្យដឹង នៅថ្ងៃសុក្រនេះ ពីការលុបចោលជើងហោះហើរអន្តរជាតិយ៉ាងហោចណាស់ចំនួន ៧ ដែលចេញ និងចូលរមណីយដ្ឋានកោះបាលី បន្ទាប់ពីភ្នំភ្លើងមួយនៅភាគខាងកើតផ្ទុះឡើងដោយបាញ់ផេះងងឹតចម្ងាយ ៨ គីឡូម៉ែត្រទៅលើមេឃ។

អាជ្ញាធរនៅក្នុងតំបន់ បញ្ជាក់ប្រាប់ថា ភ្នំភ្លើង Lewotobi Laki-Laki ដែលជាភ្នំភ្លើងភ្លោះកម្ពស់ ១,៧០៣ ម៉ែត្រ ស្ថិតនៅលើកោះទេសចរណ៍ Flores បានផ្ទុះឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបង្កើនស្ថានភាពប្រកាសអាសន្នរបស់ភ្នំភ្លើងដល់កម្រិតខ្ពស់បំផុត។
ទន្ទឹមនោះ អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai នៃកោះបាលី លោក Andadina Dyah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមម៉ោង ៩ និង ៤៥ នាទី ព្រឹកថ្ងៃសុក្រនេះ ជើងហោះហើរអន្តរជាតិចំនួន ៧ ត្រូវលុបចោល ក្នុងនោះចំនួន ៦ គឺជាជើងហោះហើរ Jetstar ទៅកាន់ប្រទេសអូស្ត្រាលី និងជើងហោះហើរ Air Asia មួយទៅកាន់ទីក្រុងគូឡាឡាំពួ ។
ជើងហោះហើរជាច្រើនផ្សេងទៀត ទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងទៅប្រទេសថៃ សិង្ហបុរី អូស្ត្រាលី ក៏ត្រូវបានពន្យារពេល ផងដែរ។
យោងតាម ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី បានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍អំពីការផ្ទុះដែលចាប់ផ្តើមនៅម៉ោងប្រហែល ១១ យប់ថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពផេះ ហាក់ប្រែទៅជាខ្មៅជាមួយនឹងអាំងតង់ស៊ីតេក្រាស់ ។
គួរបញ្ជាក់ថា មិនមានរបាយការណ៍អំពីការខូចខាតដល់ភូមិនៅក្បែរនោះទេ ប៉ុន្តែទីភ្នាក់ងារ បានព្រមានអ្នកស្រុកអំពីលំហូរភក់ភ្នំភ្លើង ដែលអាចដោយតាមភ្លៀងធ្លាក់ខ្លាំង ៕

ដោយ៖ ពេជ្រ