ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមាន កាលពីថ្ងៃពុធថា អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ទាំងស្រុងនូវជំនួយដែលខ្លួនកំពុងផ្គត់ផ្គង់ដល់ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន ដោយលោក ប្តេជ្ញាថានឹងបំផ្លាញក្រុមនេះចោលមិនឲ្យងើបទ្បើងវិញនោះទេ។

លោក ត្រាំ បានថ្លែងថា របាយការណ៍បង្ហាញថា ទីក្រុងតេអេរ៉ង់បានកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះក្រុម Houthi ប៉ុន្តែអ៊ីរ៉ង់នៅតែបន្តបញ្ជូនការផ្គត់ផ្គង់កម្រិតធំដដែល។ យ៉ាងណាក៏ដោយគេមិនច្បាស់ទេថា តើប្រធានាធិបតីកំពុងថ្លែងយោងទៅលើរបាយការណ៍ពីមន្ត្រីរបស់គាត់ ឬប្រព័ន្ធផ្សព្វផ្សាយ។
លោកបាននិយាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានកម្មសិទ្ធិរបស់គាត់ថា “អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការបញ្ជូនសម្ភារៈទាំងនេះជាបន្ទាន់បើមិនចង់បង្ករឿង។ លោកបន្តថា “ទោះបីជាពួកគេចាញ់ក៏ដោយ ប៉ុន្តែវិធីនៃការចាញ់របស់ពួកគេវាឆាប់រហ័ស ហើយរងការខូចខាតយ៉ាងដំណំ ខណដែលយើងបានវាយប្រហារយ៉ាងខ្លាំងទៅលើពួកព្រៃផ្សៃ Houthi ហើយមើលពីរបៀបដែលវារងការបរាជ័យនោះវានឹងកាន់តែអាក្រក់ទៅៗ ។ លោកថា សកម្មភាពរបស់ពួកវា គឺមិនមែនជាការប្រយុទ្ធដោយយុត្តិធម៌នោះទេ ហើយក៏គ្មានថ្ងៃដែរ!! ពួកគេនឹងវិនាសទាំងស្រុង!។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ក្រុម Houthis បានរាយការណ៍ពីការតម្រៀបជួរនៃយន្តហោះចម្បាំងស៊េរីថ្មីរបស់អាមេរិក លើតំបន់នៅភាគខាងជើង និងភាគខាងលិចប្រទេសយេម៉ែន។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យយោធារបស់ក្រុមលោក Yahya Saree បានប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្រុមរបស់លោកបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ USS Harry Truman នៅក្នុងសមុទ្រក្រហម ជាមួយនឹងគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកជាច្រើនផងដែរ។ លោកកត់សម្គាល់ថា ការវាយប្រហារនេះជាលើកទី៤ក្នុងរយៈពេល៧២ម៉ោង។
កាលពីល្ងាចថ្ងៃអង្គារ ក្រុម Houthi បានកាន់ទុក្ខមន្ត្រីយោធារបស់ខ្លួនចំនួន 10 នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន។ លោក Anadolu បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយឆ្មក់ជាង 60 លើកលើប្រទេសយេម៉ែនចាប់តាំងពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សជាង 50 នាក់ និងរាប់សិបនាក់រងរបួស។
ចំណែកក្រុម Houthi បាននិងកំពុងវាយប្រហារលើកប៉ាល់ដែលតភ្ជាប់ជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីចុងឆ្នាំ ២០២៣ ដោយបានរំខានដល់ពាណិជ្ជកម្មពិភពលោកសម្រាប់អ្វីដែលខ្លួនបាននិយាយថា ជាការបង្ហាញពីសាមគ្គីភាពជាមួយ Gaza Strip ។
ក្រុមនេះបានបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅពេលដែលបទឈប់បាញ់ត្រូវបានប្រកាសក្នុងខែមករារវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីន Hamas ប៉ុន្តែវាបានគម្រាមថានឹងចាប់ផ្តើមការវាយប្រហារឡើងវិញនៅពេលដែលអ៊ីស្រាអែលបានរារាំងជំនួយមនុស្សធម៌ទាំងអស់ចូលទៅក្នុងហ្គាហ្សានៅថ្ងៃទី ២ ខែមីនា៕

ដោយ៖ ពេជ្រ