លោកជំទាវ​ ពុំ​ ចន្ទីនី​ អញ្ជើញជាអធិបតីសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អាណត្តិទី ៦

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី ១១ ខែ មីនា ឆ្នាំ ២០២៥ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានរៀបចំសន្និបាតសាខាអាណត្តិទី៦ (២០២៥-២០៣០) ស្ថិតនៅអគារស្និបាតគជ់ស្វាយព្រៃ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។  សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខា​ធិការ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាអាណត្តិទី ៥ និងជាប្រធានអង្គសន្និបាត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ     មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៏តាមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបចំនួន ២៧០នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោះចំនួន៦៩នាក់ ។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖

១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០)

២-​ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)

៣-​ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

អង្គសន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដែលមានសមាសភាព ១៥ នាក់ (ស្ត្រី ៣​ នាក់)  ។ ដោយលទ្ធផលសំឡេងគាំទ្រ៦៩សំឡេងលេី៦៩សំឡេង​ ។

អនុវត្តតាមនីតិវិធី​ និងយោងកំណត់ហេតុកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការសាខា អាណត្តិទី ៦ សម្រេចឯកភាពគ្នាជាឯកឆន្ទ ជ្រើសរើស ឯកឧត្តម ប៉េង ពោធិ៍សា ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ហែម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ  អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងលោកជំទាវ ភួង សារី ជាលេខាធិការ គណៈកម្មាធិការសាខា ។

ក្នុងឱកាសនោះដែរអង្គសន្និបាតបានប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា​ អាណត្តិទី ៦ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា​ បានចាត់តាំង លោកជំទាវ ដួង វណ្ណា ជាប្រធានកិត្តិយសសាខា និងឯកឧត្តម ម៉ែន វិបុល រួមជាមួយអនុប្រធាន​កិត្តិយសចំនួន ២៣រូបទៀត​ ។

បន្ទាប់ពីប្រគល់សេចក្តីសម្រេចស្តីការតែងតាំងគណ:កិត្តយសសាខាជូនលោកជំទាវ​ ដួង​ វណ្ណា​ ប្រធានកិត្តយសសាខា​ និងប្រគល់ត្រាជូនឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ប្រធានគណ:កម្មាធិការសាខាអាណត្តិទី៦​ រួចមក​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រព្រមទាំងទទួលស្គាល់ គណ:កិត្តិយស​  សមាសភាពគណៈកម្មាធិការសាខា ទាំង១៥ រូប ដែលទទួលបាន នូវទំនុកចិត្ត ពីអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងអាណតិ្តទី៦។សំឡេងឆ្នោតគាំទ្រ ជាសក្ខីកម្ម នៃ ការប្រគល់ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នូវភារកិច្ច ដ៏ឧត្តុង្គឧត្តម ជាជំនួយការ ជូន អាជ្ញាធរសាធារណៈ      ក្នុងវិស័យ មនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀងចាប់ពីថ្ងៃនេះតទៅ។ ជាមួយគ្នានេះដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខា សូមអង្គសន្និបាតសាខា បន្ត ពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌និងការរួបរួមគ្នាក្នុងសង្គមជាតិតាមរយៈកការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣ រួមមាន៖ទី១ការផ្ដល់អំណោយធម៌ ជូន ជនរងគ្រោះជនងាយរងគ្រោះបំផុត ការឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការ ត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុ ទី២ការលើកកម្ពស់ ការយល់ដឹង និងចូលរួមផ្ដល់ ការអប់រំផ្សព្វផ្សាយលើកកំពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានានា ជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីកទឹកនោមផ្អែមលើសឈាមបេះដូងសរសៃឈាមដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ រួមទាំងការលើកកម្ពស់ សុខភាព មាតា ទារក កុមារនិងមនុស្ស ពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារ ឲ្យមានការចូលរួម ពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នា ទៅវិញទៅមក ចាប់តាំងពី ភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ។

តាងនាមគណៈកម្មាធិការសាខាអាណត្តិទី ៦ ឯកឧត្តម ប៉េង ពោធិ៍សា ដេីម្បីជាការសំដែងនូវគារវៈកិច្ចចំពោះអង្គសន្និបាត​ដែលបានបោះឆ្នោតគាំទ្រ​ និងផ្តល់នូវទំនុកចិត្តបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖

-ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម

-យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា

-រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា

-ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា

-យកចិត្តទុកដាក់បន្តការងារពង្រីង និងពង្រីកបណ្តាញអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន យ៉ាងហោចក្នុងមួយភូមិ ២ នាក់

 -យកចិត្តទុកដាក់ពង្រីង និង   ពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា   ជាគំរូល្អក្នុងការងារមនុស្សធម៌ដល់គ្រឹះស្ថានសិក្សា និងសង្គម

-បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ប្រមូលផ្តុំកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុកលំបាករបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយ ។

សូមបញ្ជាក់ថា​ ៖​ សន្និបាទនេះរៀបចំឡេីងដោយយោងតាមលក្ខន្តិកៈ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា ក្នុងផ្នែកទី៦ វិធានទី៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា២៤ កថាខណ្ឌទី៣ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា, សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៦ (២០២៥-២០៣០)។

បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងអាណត្ដិទី៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តកិច្ចប្រជុំតម្រងទិស ជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខា៨ក្រុងស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យបានកាន់តែប្រសើរជាងមុន និងទាន់ពេលវេលា៕គឹមសេង

Written by 

Related posts

Leave a Comment