ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយអង្គការដៃគូ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំនូវកិច្ចសន្ទនាថ្នាក់ជាតិស្ដីពីសមាហរណកម្មអភិបាលកិច្ចប្រព័ន្ធស្បៀង សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៃយុទ្ធសាស្ត្រសម្រាប់កែលម្អប្រព័ន្ធកសិ-ចំណីអាហារនៅតំបន់ដីសណ្តរទន្លេមេគង្គកម្ពុជា នៅទីស្តីគណ:រដ្ឋមន្ត្រី ដោយពិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ។
កិច្ចសន្ទនាដ៏មានសារសំខាន់នេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងប្អូនៗនិស្សិតជាច្រើនរូប។
គោលបំណងនៃកិច្ចសន្ទនានេះគឺដើម្បីចែករំលែកនូវលទ្ធផលស្រាវជ្រាវ និងការអនុវត្តគម្រោងសាកល្បងនៃនវានុវត្តវិមជ្ឈការសម្រាប់សមាហរណកម្មអភិបាលកិច្ចប្រព័ន្ធស្បៀងថ្នាក់ស្រុកតំបន់បឹងស្នេហ៍ ក្នុងខេត្តព្រៃវែង និងបឹងរាម ក្នុងខេត្តកំពង់ធំ និងដើម្បីប្រមូលនូវមតិយោបល់របស់អ្នកចូលរួមដើម្បីពង្រឹងនិងកែលម្អនូវប្រសិទ្ធភាពនៃយន្តការដែលកំពុងដាក់ឱ្យសាកល្បងនេះ។
កិច្ចសន្ទនាខាងលើគឺមានរយៈពេលមួយថ្ងៃពេញ ហើយទទួលបាននូវលទ្ធផលល្អប្រសើរតាមការគ្រោងទុក៕