ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះទៅពិនិត្យការដ្ឋានសាងសង់អគារប៉ុស្តិ៍នគរបាលការពារព្រំដែនថ្មី ចំនួន៣ទីតាំង និងពិនិត្យកន្លែងសាងសង់ថ្មីមួយកន្លែងទៀត ដើម្បីបើកការដ្ឋានសាងសង់ចំណុះឲ្យវរៈនគរបាលការពារព្រំដែនគោកលេខ៦២៣ ក្នុងនោះមានប៉ុស្តិ៍ខ្លាធំ ប៉ុស្តិ៍លេខ៥០០ ប៉ុស្តិ៍អូរលាវ និងប៉ុស្តិ៍ពាមអូរលាវ ជាប់និងព្រំប្រទល់កម្ពុជា-វៀតណាមក្នុងទឹកដីខេត្តរតនគិរី។

របាយការណ៍បានបញ្ជាក់ថា នៅក្នុងដំណើរការនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ រួមមាន: អង្គរ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ និងគ្រឿងភេសជ្ជៈមួយចំនួនទៀត ដើម្បីយកទៅជូនដល់កងកម្លាំងកំពុងឈរជើងប្រចាំការនៅប៉ុស្តិ៍ទាំង៤ខាងលើ បូករួមទាំងក្រុមជាងចំនួន២ក្រុម កំពុងតែសាងសង់សំណង់ប៉ុស្តិ៍នោះផងដែរ។
ដោយមើលឃើញថា តាំងពីលោកស្នងការឡើងកាន់មុខតំណែងនេះមក លោកបានខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់នោះទេ នៅក្នុងខេត្តរតនគិរីបច្ចុប្បន្ននេះ យើងឃើញថាមិនមានករណីចោរកម្ម ឆក់ប្លន់ឬក៏ករណីផ្សេងៗទៀត ពុំមាននោះឡើយ។
ហើយនៅចុងពេលសប្តាហ៍លោកបានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវចេះសម្អាត អនាម័យ បរិស្ថាន ឬនៅជុំវិញរបងស្នងការ ជាពិសេសនោះនៅក្នុងបរិវេណស្នងការតែម្តង។ ដើម្បីបោសសម្អាតសំរាមឲ្យបានស្អាតល្អ មិនតែប៉ុណ្ណោះទេ លោកស្នងការចេះគោរពនិងស្រឡាញ់កូនចៅក្រោមឱវាទខ្លាំងណាស់ ពាក្យចាស់លោកពោលថា នៅផ្ទះម្ដាយទីតី នៅក្នុងព្រៃម្ដាយតែមួយ៕



